មិនដឹងយ៉ាងណាទេ! Aston Martin ជាប់បំណុលខ្ទង់ ១ពាន់លានដុល្លារ

[ទីផ្សារបរទេស] កន្លងមកក្រុមហ៊ុន Aston Martin តែងមានលទ្ធផលហិរញ្ញវត្ថុមិនល្អប៉ុន្មានឡើយ ហើយលទ្ធផល​ប្រចាំ​ត្រីមាសទីមួយនៃឆ្នាំ២០២២នេះ បានបង្ហាញថាក្រុមហ៊ុនមានការខាតបង់ទឹកប្រាក់ប្រមាណ ៥៨,៧លានដុល្លារ ខណៈដែលបំណុល​សរុបគឺមានជាង ១,១ពាន់លានដុល្លារ កើនឡើង​ពីបំណុលប្រមាណ ៨៩០លានដុល្លារ ដែលមានកាលពីត្រីមាសទីមួយនៃឆ្នាំ២០២១។
បំណុលត្រង់កន្លែងនេះគឺចង់សំដៅលើ​បំណុលដែលមានប្រសិនបើ​ក្រុមហ៊ុន​បូកបញ្ចូលសាច់ប្រាក់ដែលខ្លួនមាន រួមទាំង​លក់​ទ្រព្យ​សម្បត្តិក្នុងតម្លៃនាពេលបច្ចុប្បន្ន ដើម្បីទូទាត់ជូនម្ចាស់បំណុល។ នេះមានន័យថា Aston Martin នឹងនៅតែត្រូវជាប់បំណុលច្រើន ប្រសិនបើក្រុមហ៊ុនត្រូវលក់នៅថ្ងៃស្អែក។

រឹតតែអណោចអធម៌នោះគឺ តម្លៃហ៊ុនរបស់ Aston Martin បានធ្លាក់ចុះ ៩០% ចាប់តាំងពីពេលដែលដាក់លក់ហ៊ុនជាសាធារណៈនៅ​ក្នុង​ឆ្នាំ២០១៨ ហើយតម្លៃលើទីផ្សារបានធ្លាក់ចុះពីប្រមាណ ៥,៣ពាន់លានដុល្លារ មកនៅត្រឹម ១,៣ពាន់លានដុល្លារប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ងាកទៅមើលរថយន្ត DBX ដែលជារថយន្ត SUV ដំបូងរបស់ក្រុមហ៊ុន ហាក់មិនបានជួយស្វែងរកចំណូលឲ្យបានខ្លាំងក្លាដូចជាការរំពឹងទុកឡើយ ដោយរោងចក្រមានសមត្ថភាពផលិតរថយន្តនេះបាន៥ពាន់គ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែវាអាចលក់ចេញបានត្រឹមប្រមាណ ៣ពាន់គ្រឿងប៉ុណ្ណោះកាលពីឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម