Honda Odyssey ឆ្នាំ២០២៣ ថែមម៉ូដែល Sport ថ្មី តែងខ្លួនខ្មៅក្រិប តម្លៃជាង ៤ម៉ឺនដុល្លារ ចេញពីរោងចក្រ

ស្របពេលដែលក្រុមហ៊ុន Kia និង Toyota កំពុងតែប្រកួតប្រជែងគ្នាខ្លាំងលើរថយន្តប្រភេទ minivan ក្រុមហ៊ុន Honda ក៏មិននៅស្ងៀម បានបន្ថែមម៉ូដែល Sport ថ្មីសម្រាប់រថយន្ត Odyssey ស៊េរីឆ្នាំ២០២៣ ។

រថយន្ត Honda Odyssey Sport ឆ្នាំ២០២៣ ថ្មី បានតុបតែងខ្លួនខ្មៅក្រិបតែម្តង ដូចជា ប៉ាណាមុខ, កញ្ចក់មើលចំហៀង, ចង្កៀងក្រោយ ព្រមទាំងយ៉ាន់កង់ទំហំ ១៩អ៊ីញ ជាប្រភេទ Alloy ពណ៌ខ្មៅរលោង ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Odyssey Sport ឆ្នាំ២០២៣ ដែលមានតម្លៃ ៤១ ២១០ដុល្លារ លើទីផ្សារសហរដ្ឋអាមេរិកនេះ ក៏មានជម្រើសតួខ្លួនពណ៌ស Platinum White Pearl និង ក្រហម Radiant Red Metallic ដែរ។

ក្រៅពីនោះ វាក៏មានបំពាក់ពូកស្បែកពណ៌ខ្មៅ រំលេចដោយថ្នេរដេរពណ៌ក្រហម, ដៃចង្កូតស្រោបស្បែក, កៅអីមុខចុច, ដំបូល Moonroof និង ទ្វារក្រោយចុច ផងដែរ។

សូមបញ្ជាក់ថា រថយន្តប្រភេទ minivan ម៉ូដែល Sport នេះនៅតែបំពាក់ម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៨០សេះ និងកម្លាំងរមួល ៣៥៥ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ១០វគ្គ និង ប៉ុងមុខ ដដែល។

គួរឲ្យដឹងថា ក្រៅពីម៉ូដែល Sport រថយន្ត Honda Odyssey ឆ្នាំ២០២៣ ក៏ផ្តល់ជម្រើសម៉ូដែលផ្សេងទៀត ដូចជា LX, EX, EX-L, Touring និង Elite ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម