ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញនូវម៉ូឌែលពិសេសថ្មីនៃរថយន្ត Venza ដែលអោយឈ្មោះថា Nightshade Edition ដែលជាការអភិវឌ្ឍន៍ដ៏ធំបំផុតសម្រាប់សេរ៊ីឆ្នាំ ២០២៣។
ម៉ូឌែល Nightshade Edition ត្រូវបានបង្កើតឡើងផ្អែកលើម៉ូឌែល Venza XLE និងបានរំលេចជាមួយពណ៌ខ្មៅនៅលើប៉ាណា, កញ្ចក់, ដៃទ្វា, កាងជំហៀង បន្ថែមជាមួយអំពូលកាត់អ័ព្ទប្រភេទ LED, ឡូហ្គូពណ៌ខ្មៅ និងថាសកង់ពណ៌ខ្មៅទំហំ ១៩អ៊ីញ។ លើសពីនេះម៉ូឌែលនេះក៏ទទួលបាននូវជម្រើសពណ៌សម្រាប់ជ្រើសផ្សេងទៀតដូចជា Celestial Black, Ruby Flare Red និង Wind Chill Pearl។
ចំណែកឯផ្នែកខាងក្នុង Venza ឆ្នាំ២០២៣ ក៏ទទួលបាននូវការបំពាក់ស្តង់ដានូវប្រព័ន្ធកម្សាន្ត Toyota Audio Multimedia ទំហំ ៨អ៊ីញ និង ១២,៣អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay, Android Auto, Apple Music និង Amazon Music ឥតខ្សែ, កុងទ័របង្ហាញព័ត៌មានបាញ់លើកញ្ចក់ ១០អ៊ីញ, ជម្រើសកុងទ័រឌីជីថលទំហំរហូតដល់ ១២,៣អ៊ីញ, កៅអីអ្នកដំណើរអាចបញ្ជាបាន ៨ទិសដៅ, កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធជំនួយការបើកបរ Toyota Safety Sense 2.៥។
រថយន្ត Toyota Venza ដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន៣ អាចផលិតកម្លាំងបាន ២១៩សេះ និងមានកម្រិតស៊ីសាំង ៦លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។ សូមបញ្ជាក់ថាតម្លៃនៃម៉ូឌែលពិសេសនេះគឺ Toyota ពុំទាន់បង្ហាញចេញនូវឡើយនោះទេ៕