ត្រឹម៣ខែសោះក្រុមហ៊ុនឡានអគ្គិសនី Rivian ខាតលុយ ១,៥៩ពាន់លានដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian បានរាយការណ៍ពីការខាតបង់ទឹកប្រាក់ ១,៥៩ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំ២០២២នេះ។

ការខាតបង់នេះមានការកើនឡើងខ្លាំង បើធៀបនឹងការខាតបង់ចំនួន ៤១៤លានដុល្លារ កាលពីត្រីមាសដំបូងនៃឆ្នាំ២០២១។ ការ​ខាត​បង់​នេះ​ មួយចំណែកធំគឺដោយសារ​ការចំណាយខ្ពស់លើ​ប្រតិបត្តិករ ដោយ​ក្នុងនោះ​ក្រុមហ៊ុន Rivian បានចំណាយរហូតដល់ ៥៤៧លានដុល្លារ លើកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ នៅអំឡុងត្រីមាសទីមួយនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងដែរថា Rivian បានផលិតរថយន្តបានចំនួប ២ ៥៥៣គ្រឿង ក្នុងអំឡុងត្រីមាសទីមួយ និងអាចលក់ចេញបានចំនួន ១ ២២៧គ្រឿង ដែលអាចជួយស្វែងរកប្រាក់ចំណូលបាន ៩៥លានដុល្លារ។ ក្រុមហ៊ុនបានបញ្ជាក់ថាការខាតបង់នឹងបន្តកើតមាន ដោយ​សារតែ​ការបន្តផលិតរថយន្តក្នុងបរិមាណតិចតួចលើសង្វាក់ផលិតកម្មទ្រង់ទ្រាយធំ។

ត្បិតថាមានការខាតបង់ធំធេង ប៉ុន្តែ Rivian បានបិទបញ្ចប់ត្រីមាសទីមួយនៃឆ្នាំ២០២២ ជាមួយសាច់ប្រាក់សុទ្ធ ១៦,៩៧ពាន់លានដុល្លារនៅក្នុងដៃ ដែលទឹកប្រាក់នេះអាចឲ្យក្រុមហ៊ុនចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីជំនាន់ថ្មី មានតម្លៃធូរថ្លៃ ដែលរំពឹងថានឹងផលិត​នៅ​រោងចក្រនៅ Georgia៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម