Lexus ប្ដេជ្ញាថាមិនបោះចោលឡាន Sedan និងឡាន Coupe

[ទីផ្សារបរទេស] មានក្រុមហ៊ុនរថយន្ត​ជាច្រើន​បាន​បោះ​បង់​រថយន្តប្រភេទ Sedan និង Coupe ប៉ុន្តែអនាគតរថយន្តអគ្គិសនី​របស់​ Lexus នឹង​មាន​ចម្រុះដោយរថយន្តច្រើនប្រភេទ បន្ថែមពីលើរថយន្តតួខ្ពស់ប្រភេទ SUV។

លោក Spiros Fotinos អ្នកចាត់ការប្រចាំក្រុមហ៊ុន Lexus Europe បាននិយាយថាក្រុមហ៊ុន​នឹង​មិន​បោះ​បង់​រថយន្ត​ប្រភេទ​ណា​មួយ​ចេញ​ពី​សែស្រឡាយរថយន្ត​អនាគតនោះឡើយ។ នេះបើផ្អែកតាមការលើកឡើងរបស់លោកក្នុងកិច្ចសម្ភាសន៍ជាមួយ Autocar។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនីដំបូងរបស់ Lexus គឺរថយន្តអគ្គិសនីនៃម៉ូដែល UX និងក្រោយមក​មាន​ជា​រថយន្ត RZ 450e ជាម៉ូដែលថ្មីទាំង​ស្រុង​ដែល​ផលិត​ផ្អែកលើ​គ្រោងឆ្អឹង e-TNGA របស់ Toyota។ ត្បិតថារថយន្តទាំង​ពីរសុទ្ធ​តែ​ជាប្រភេទ SUV ប៉ុន្តែរថយន្ត​អគ្គិសនី​អនាគត នឹងមានច្រើនជម្រើស មិនមានតែប្រភេទដែលពេញនិយមនោះទេ។

លោក Spiros ក៏បានរំលឹកដល់រថយន្ត concept ច្រើនប្រភេទដែលក្រុមហ៊ុនបានបង្ហាញចេញកាលពីខែ​ធ្នូ ឆ្នាំ​២០២១ ​ដែល​ជា​ការ​បង្ហាញ​អំពី​ប្រភេទរថយន្តអគ្គិសនីអនាគតរបស់ក្រុមហ៊ុន។ ក្នុងនោះមានតាំងពីរថយន្ត​តួទាប រថយន្តតួខ្ពស់ រថយន្តតួទាបបើក​ដំបូល រថយន្តស្ព័រ និងមានជារថយន្ត SUV ខ្នាតធំមួយផងដែរ។

គួរដឹងថា Lexus មានផែនការចង់ក្លាយជាម៉ាករថយន្តអគ្គិសនីសុទ្ធនៅអឺរ៉ុប នៅអាមេរិកខាងជើង និងនៅប្រទេសចិន ដែលចង់សម្រេចឲ្យបានត្រឹមឆ្នាំ២០៣០ ហើយនៅ​ឆ្នាំ​២០៣៥ ចង់​សម្រេចផែនការនេះជាលក្ខណៈសកលលោកតែម្ដង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម