នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen លោក Herbert Diess ជឿជាក់ថា ក្រុមហ៊ុនរបស់ខ្លួននឹងអាចតាមទាន់ ហើយបន្ទាប់មកនឹងវ៉ាដាច់ក្រុមហ៊ុន Tesla បើនិយាយពីការលក់រថយន្តអគ្គិសនីជាសកល នៅត្រឹមឆ្នាំ ២០២៥។
ជាមួយគ្នានេះដែរ លោក Diess ក៏បានបន្ថែមទៀតថា កង្វះខាតខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ហៀបនឹងធូរស្រាលបន្តិច ហើយថា Volkswagen នឹងមានសន្ទុះការលក់ឡើងខ្ពស់ នាពាក់កណ្តាលឆ្នាំនេះ។
លោក Diess បានធ្វើអត្ថាធិប្បាយទៅកាន់គេហទំព័រ CNBC ដោយប្រាប់អំពីអនាគតនៃម៉ាកនេះ។ ជាការពិតណាស់រឿងសំខាន់គឺ លោកជឿថា Volkswagen នឹងវ៉ាដាច់ Tesla នៅឆ្នាំត្រឹម ២០២៥។
«ទីផ្សារតែងតែនិយាយអំពីអនាគត។ បច្ចុប្បន្ន Tesla កំពុងនាំមុខគេ បើនិយាយអំពីរថយន្តអគ្គិសនី ហើយប្រហែលវាជាក្រុមហ៊ុនរថយន្តទាន់សម័យបំផុតរួចទៅហើយ ហើយពួកគេមានគុណសម្បត្តិមួយចំនួន។ យើងនៅតែមានគោលបំណងរក្សាការកើនឡើង ហើយប្រហែលជាអាចវ៉ាដាច់ Tesla នៅឆ្នាំ ២០២៥ នៅពេលយើងនិយាយពីការលក់»។ នេះបើតាមសម្តីលោក Diess ប្រាប់ទៅកាន់ CNBC។
សូមបញ្ជាក់ថា Volkswagen គឺជាក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេ ដែលប្រកាសជាសាធារណៈអំពីចេតនារបស់ខ្លួនក្នុងការយកឈ្នះ Tesla នាពេលខាងមុខ។
គួររំលឹកថា លោកស្រី Mary Barra នាយកប្រតិបត្តិនៃក្រុមហ៊ុន General Motors បានចេញមកកាលពីឆ្នាំមុន ជាមួយនឹងគោលដៅក្លាយជាអ្នកលក់រាយរថយន្តអគ្គិសនីឈានមុខគេ នៅឆ្នាំ ២០២៥។ ក្នុងនោះ General Motors សង្ឃឹមថា នឹងផលិតរថយន្តបាន ២ លានគ្រឿងក្នុងមួយឆ្នាំ នៅពេលនោះ៕