[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញនៅរូបភាព Teaser នៃរថយន្ត Toyota HYRYDER ដែលជារថយន្ត SUV ខ្នាតតូច មុនការចេញលក់ជាផ្លូវការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។
រថយន្ត Toyota HYRYDER ត្រូវបានបង្កើតឡើងជាប្រភេទ SUV ខ្នាតតូចមួយដែលស្រដៀងរថយន្ត Kia Selto, Hyundai Creta ជាដើមនៅក្នុងទីផ្សារប្រទេសឥណ្ឌា ដោយបង្កើតឡើងនៅលើមូលដ្ឋានដូចគ្នានឹង Urban Cruiser បច្ចុប្បន្នដែរ។
តាមរូបភាព គេអាចមើលឃើញថា Toyota HYRYDER ត្រូវបានរចនាឡើងដើម្បីបញ្ជាក់ពីភាពរឹងមាំនិងទាន់សម័យរបស់រថយន្ត SUV ជាមួយនឹងកង់ពណ៌ខ្មៅ រួមមកជាមួយចង្កៀងមុខ LED រចនាបែប two-layer។ ខណៈពេលដែលចង្កៀងក្រោយ LED ត្រូវបានរចនាឡើងជារាងអក្សរ C ដែលបន្ថែមភាពខុសប្លែកគ្នានៅពេលយប់។
លើសពីនេះ Toyota HYRYDER នឹងមានភ្ជាប់មកជាមួយគ្រឿងបរិក្ខាស្តង់ដារពេញលេញ មិនថាកាំមេរ៉ា ៣៦០ ដឺក្រេ និង អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ក៏ដូចជាដំបូលកញ្ចក់ sunroof អេក្រង់បង្ហាញលើកញ្ចក់ និងកន្លែងសាកថ្មឥតខ្សែជាដើម។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះត្រូវបានគេរំពឹងថានឹងមកជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ជាមួយនឹងបច្ចេកវិទ្យា Mild Hybrid Technology Smart Hybrid Technology ដែលផលិតកម្លាំងបាន ១០៣ សេះ និងកម្លាំងរមួល ១៣៦,៨ ញូ៉តុនម៉ែត្រ មានទាំងប្រអប់លេខអូតូ e-CVT និងប្រអប់លេខដៃ ៦ វគ្គផងដែរ៕