[ទីផ្សារបរទេស] ទីផ្សាររថយន្តរបស់វៀតណាមនៅឆមាសទីពីរនៃឆ្នាំ ២០២២ ត្រូវបានគេរំពឹងថានឹងកាន់តែក្តៅនៅពេលដែលជម្រើសថ្មីបន្ថែមទៀតត្រូវបានចាប់ផ្តើម ដូចក្រុម SUV/CUV ក្រុម SUV ៧ កៅអីក្នុងប្រទេសវៀតណាមក៏នឹងមានការកែប្រែឡើងវិញសម្រាប់ឆ្នាំ ២០២២ ផងដែរ។ ខាងក្រោមនេះជារថយន្ត ៧កៅអីគ្រោងនឹងមានវត្តមានក្នុងទីផ្សារវៀតណាម៖
១) Ford Everest ស៊េរីឆ្នាំ ២០២៣៖ ម៉ូដែល SUV ៧ កៅអី ដែលទទួលបានការចាប់អារម្មណ៍នាពេលថ្មីៗនេះគឺ Ford Everest ស៊េរីឆ្នាំ ២០២២ បានដាក់លក់ទូទាំងពិភពលោកតាំងពីខែមីនា ហើយត្រូវបានគេរំពឹងថានឹងដាក់លក់នៅប្រទេសវៀតណាមនៅដើមខែកក្កដា។
បើនិយាយពីកម្លាំងវិញ Ford Everest ស៊េរីឆ្នាំ ២០២៣ ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង turbocharger ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៦វគ្គ ឬ ១០ វគ្គ និងមានតម្លៃចាប់ពី ៤២ ៨៣៦ ដុល្លារ។
២) Isuzu mu-X ស៊េរីឆ្នាំ ២០២២៖ Isuzu mu-X ស៊េរីឆ្នាំ ២០២២ ទំនងជាត្រូវដាក់បង្ហាញនៅក្នុងប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ។ អ្នកប្រឹក្សាផ្នែកលក់មួយចំនួនបាននិយាយថា Isuzu mu-X ២០២២ នឹងមាន ៤ ស៊េរី តម្លៃរំពឹងថានឹងលើសពី ៣៨ ៦៩២ ដុល្លារ។
ដូចរថយន្តភីកអាប់ D-Max ដែរ mu-X ២០២២ មានតែជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៩ លីត្រ រួមជាមួយនឹងប្រអប់លេខអូតូ ៦ វគ្គ ឬប្រអប់លេខដៃ ៦ វគ្គ។
៣) Nissan Terra ស៊េរីឆ្នាំ ២០២២៖ រថយន្តនេះទំនងជាបង្ហាញខ្លួនក្នុងប្រទេសវៀតណាមក្នុងឆ្នាំនេះ។ សម្រាប់រថយន្ត Nissan Terra ស៊េរីឆ្នាំ ២០២២ នៅប្រទេសថៃនៅតែប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣ លីត្រ turbocharged ផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ ឬលេខដៃ ៦វគ្គ ។
៤) Kia Sorento PHEV ៖ Kia Sorento PHEV ត្រូវបានក្រុមហ៊ុន Thaco ដាក់បង្ហាញនៅប្រទេសវៀតណាមនៅចុងឆ្នាំ ២០២១ ហើយត្រូវបានគេរំពឹងថានឹងចេញនៅឆ្នាំ ២០២២ ប៉ុន្តែរហូតមកដល់ពេលនេះក្រុមហ៊ុននៅស្ងៀម។ ទំនងជាម៉ូដែលនេះនឹងចេញលក់នៅឆមាសទីពីរឆ្នាំនេះ។
នៅសហរដ្ឋអាមេរិក រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង រួមបញ្ចូលគ្នាជាមួយម៉ូទ័រអគ្គិសនី និងអាគុយលីចូមទំហំ ១៤ គីឡូវ៉ាត់ម៉ោង ផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ។
៥) Toyota Fortuner GR Sport៖ យោងតាមប្រភពអ្នកប្រឹក្សាផ្នែកលក់បានឲ្យដឹងថាម៉ូដែលនេះនឹងត្រូវបានដាក់បង្ហាញនៅខែកក្កដា។ មុននោះ រថយន្ត Fortuner ដែលត្រូវបានអាប់ដេត ត្រូវបានដាក់លក់នៅក្នុងប្រទេសវៀតណាម ចាប់ពីខែឧសភា ជាមួយនឹងរូបរាងដូចគ្នា ដោយបានផ្លាស់ប្តូរ និងកែលម្អតែជាមួយគ្រឿងបរិក្ខាដែលមានផាសុកភាព និងសុវត្ថិភាពប៉ុណ្ណោះ ។
នៅប្រទេសថៃ Toyota Fortuner GR Sport ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៨ លីត្រ ផលិតកម្លាំងបាន ២០១ សេះ កម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ និងប្រព័ន្ធបើកបរវិលកង់ទាំងបួន៕