[ទីផ្សារបរទេស] Volkswagen បានប្រកាសចេញជាផ្លូវការនូវរថយន្តភីកអាប់ Amarok ជំនាន់ទីពីរ ដែលមានការផ្លាស់ប្ដូររូបរាងថ្មី ហើយវាមានប្រើប្រាស់គ្រោងឆ្អឹងដូចដែលប្រើលើរថយន្ត Ford Ranger ជំនាន់ថ្មីដែរ។
ក្រុមការងារឌីហ្សាញរបស់ Volkswagen បានខិតខំប្រឹងប្រែងបង្កើតការឌីហ្សាញឲ្យរថយន្ត Amarok មានភាពខុសប្លែកពី Ford Ranger ដោយបានបំពាក់នូវកាងមុខរាងជាអក្សរ X, មានបំពាក់មកជាស្តង់ដារនូវអំពូល LED Matrix ហើយមានឌីហ្សាញអក្សរ “AMAROK” ធំៗនៅផ្នែកខាងក្រោយផងដែរ។
រថយន្ត Amarok ថ្មីនេះបានពង្រីកប្រវែងកង់មុខទៅកង់ក្រោយប្រមាណ ១៧៣ម.ម ឡើងដល់ ៣២៧០ម.ម ដែល VW និយាយថាវានឹងជួយផ្ដល់ទំហំធំទូលាយជាងមុនសម្រាប់អ្នកអង្គុយជួរខាងក្រោយ។ ប៉ុន្តែប្រវែងសរុបគឺមានការកើនឡើងត្រឹម ៩៦ម.ម ហើយវាមានសមត្ថភាពលុយទឹកដល់ជម្រៅ ៨០០ម.ម កាន់តែខ្លាំងក្លាសម្រាប់ការបើកបរ Off-Road ជាមួយមុខងារ 4-Motion ផងដែរ។
ចំពោះប្រភេទម៉ាស៊ីន មានភាពខុសគ្នាទៅតាមទីផ្សារ ដោយទីផ្សារអាហ្វ្រិកគឺមានចាប់ពីម៉ាស៊ីនម៉ាស៊ូត ២,០លីត្រ កម្លាំង ១៤៨សេះ ខណៈដែលទីផ្សារដទៃមានចាប់ពីម៉ាស៊ីនម៉ាស៊ូតកម្លាំង ១៦៨សេះ ហើយអតិថិជនក៏អាចរើសយកម៉ាស៊ីន Bi-Turbo ដែលអាចផលិតកម្លាំងបាន ២០៦សេះ។ ម៉ាស៊ូតខ្លាំងជាងគេគឺមានចំណុះ ៣,០លីត្រ ដែលផលិតកម្លាំងបាន ២៣៨សេះ ឬ ២៤៧សេះ អាស្រ័យតាមទីផ្សារ។
យ៉ាងណាក្ដី ម៉ាស៊ីនដែលខ្លាំងជាងគេ ហើយជាម៉ាស៊ីនសាំងតែមួយគត់គឺម៉ាស៊ីន Ford EcoBoost ចំណុះ ២,៣លីត្រ ប្រភេទ Turbocharged ដែលផលិតកម្លាំងបាន ២៩៨សេះ។ ចំពោះម៉ាស៊ីនដែលមានកម្លាំងចាប់ពីជាង ២០០សេះឡើង នឹងមានប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ ខណៈដែលម៉ាស៊ីនកម្លាំងក្រោមនេះនឹងមានជម្រើសប្រអប់លេខដៃ។
ការផ្លាស់ប្ដូរធំបំផុតលើរថយន្ត Amarok គឺស្ថិតនៅលើផ្នែកខាងក្នុង ដោយមានប្រណីតភាពខ្ពស់ជាងមុន។ ជាក់ស្ដែងគឺវាបានបំពាក់នូវកុងទ័រឌីជីថលថ្មី និងមានប្រព័ន្ធកម្សាន្តទំហំ ១២អ៊ីញ អមជាមួយមុខងារជំនួយដល់ការបើកបរចំនួន ២០ មុខងារថែមទៀតផង។
រថយន្ត Volkswagen Amarok ជំនាន់ថ្មី នឹងចាប់ផ្ដើមមានលក់លើទីផ្សារចាប់ពីចុងឆ្នាំ២០២២នេះ ដោយនឹងចេញលក់ជាម៉ូដែលឆ្នាំ២០២៣៕