[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត SAIC-GM Chevrolet បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Chevrolet Seeker ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV ខ្នាតតូច ជាមួយនឹងការរចនាថ្មីផ្តោតលើអតិថិជននៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត Chevrolet Seeker គឺជារថយន្ត SUV ខ្នាតតូចថ្មី ដែលមានប្រវែងតួខ្លួនសរុប ៤ ៥៣៧ ម.ម ទទឹង ១ ៨២៣ ម.ម កំពស់ ១ ៥៦៤ ម.ម និងប្រវែងគន្លាតកង់មុខក្រោយ ២ ៧០០ ម.ម ។ ការរចនាបានបំពាក់នៅប៉ាណាមុខមួយផ្ទាំងធំ រាងអក្សរ X តុបតែងដោយក្រូម៉េ មានឡូហ្គោ Chevy ពណ៌ខ្មៅ និងឡូហ្គោអក្សរ RS ពណ៌ក្រហម, ចង្កៀងមុខប្រភេទ LED រាងស្លីម និងចង្កៀងកាត់អ័ព្ទប្រភេទ LED ។ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបដោយសំបកកង់ 225/55 R18 H ។ ខណៈចង្កៀងក្រោយប្រភេទ LED រាងអក្សរ C និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនីផងដែរ។
រីឯនៅផ្នែកខាងក្នុងនៃកាប៊ីនត្រូវបានរចនាឡើងវិញ ដោយបានបំពាក់ដោយអេក្រង់ភ្លោះដោយរួមបញ្ចូលនៅកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្តទំហំ ១០,២៥ អ៊ីញ គាំទ្រមុខងារ Xiaoxue OS និង OnStar smart car connectivity, ប្រព័ន្ធ OTA upgrades, ឧបករណ៍បំពងសំលេង Tune Dynamic (TD) sound system, កន្លែងសាកថ្មឥតខ្សែ។
ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៧៧ សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ។