[ទីផ្សារបរទេស] កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២ រថយន្តអគ្គិសនី VOLT City EV បានធ្វើការបង្ហាញខ្លួនជាផ្លូវការ។ ខណៈ កាលពីពេលថ្មីៗ កន្លងនេះ “EV Primus” ដែលជាអ្នកចែកចាយផ្លូវការនៅក្នុងប្រទេសថៃ បានធ្វើការប្រកាសចំនួននៃការកក់ទុកតាមបណ្តាញអ៊ីនធឺណេតបានកើនលើស ១ ០០០ គ្រឿងក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។
រថយន្ត VOLT City EV ដែលមានលក់នៅប្រទេសថៃមានពីរម៉ូដែលគឺ VOLT FOR-TWO body និង VOLT FOR-FOUR ។ សម្រាប់អតិថិជន ១ ០០០ នាក់ដំបូងនេះនឹងទទួលបានការផ្តល់ជូនពិសេស ដែលធ្វើឲ្យប្រសើរឡើងនៅឧបករណ៍ស្តង់ដារដែលស្មើនឹងម៉ូដែលកំពូល រួមមានអេក្រង់បង្ហាញទំហំ ៧ អ៊ីញ ដៃចង្កូតពហុមុខងារ ចង្កៀងមុខ-ក្រោយប្រភេទ LED រួមទាំងការធានាអាគុយបន្ថែម ការត្រួតពិនិត្យអគ្គិសនីក្នុងផ្ទះសម្រាប់សាកថ្មរថយន្តអគ្គិសនី និងផ្សេងៗទៀត ដែលសរុបជាសាច់ប្រាក់ស្មើនឹង ២ ៧៩៧ ដុល្លារ។
សម្រាប់ VOLT FOR-TWO បំពាក់ដោយម៉ូទ័រអគ្គិសនីដែលមានកម្លាំង ៤០ សេះ និងកម្លាំងរមួល ៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងអាគុយលីចូមទំហំ ១១,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចំងាយប្រហែល ១៦៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយតម្លៃលក់ចាប់ពី ៩ ០៩២ ដុល្លារ។
ខណៈម៉ូដែល VOLT FOR-FOUR អាចផលិតកម្លាំងបាន ៤៦ សេះ និងកម្លាំងរមួល ១០២ ញ៉ូតុនម៉ែត្រ ភ្ជាប់ ជាមួយនឹងអាគុយលីចូម ទំហំ ១៦,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានប្រហែល ២០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ជាមួយតម្លៃលក់ចាប់ពី ១០ ៧៧១ ដុល្លារ៕