Tesla ពន្លឿនការផលិតរថយន្ត Cybertruck ប្រភេទថ្លៃជាងគេ ទំនងមកពីហេតុផលមួយ

នៅ​ពេល​ដែល Tesla បើក​ទទួល​ការ​កក់​រថយន្ត​ Cybertruck របស់​​ខ្លួន ក្រុមហ៊ុន​និយាយ​ថា​ប្រភេទ Tri-Motor ដែល​ជា​ប្រភេទ​មាន​កម្លាំង​ខ្លាំង​និង​ថ្លៃ​ជាង​គេ​នឹង​ចូល​រោងចក្រ​ផលិត​នៅ​ចុង​ឆ្នាំ ២០២២, ចំណែក​ប្រភេទ Single-Motor និង Dual-Motor ចូល​រោងចក្រ​ផលិត​នៅ​ឆ្នាំ ២០២១។

យ៉ាងណាក្ដី Tesla បាន​ធ្វើ​ការ​ផ្លាស់​ពេល​ផលិត​វិញ​ ដោយ​ប្រភេទ Tri-Motor និង Dual-Motor នឹង​ចាប់​ផ្ដើម​ផលិត​នៅ​ចុង​ឆ្នាំ ២០២១។ ចំណែក​ប្រភេទ Single នឹង​ត្រូវ​ពន្យារ​ពេល​ដល់​ចុង​ឆ្នាំ ២០២២ វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផល​នៃ​ការ​ផ្លាស់​ប្ដូរ​នេះ​ទំនង​ជា​មក​ពី​ប្រភេទ Tri-Motor និង Dual-Motor មាន​​អ្នក​កក់​ទិញ​ច្រើន​សន្ធឹក​បើ​ធៀប​នឹង​ប្រភេទ Single។ ជាក់​ស្ដែង​​លោក Elon Musk ធ្លាប់​បាន​ប្រាប់​ថា​ក្នុង​ចំណោម​រថយន្ត Cybertruck ចំនួន ១៤៦ ០០០ គ្រឿង​ដែល​គេ​កក់ មាន​ ៤១% គឺ​យក​ Tri-Motor, ៤២% យក Dual-Motor និង​មាន ១៧% ប៉ុណ្ណោះ​ទិញ​យក​ Single-Motor

​​​Cybertruck មាន​ជម្រើស​ចំនួន​ ៣ គឺ ៖

  • Single Motor RWD តម្លៃ ៣៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤០០គីឡូម៉ែត្រ
  • Dual Motor តម្លៃ ៤៩ ៩០០ដុល្លារ មានចម្ងាយបើកបរជាង ៤៨០គីឡូម៉ែត្រ
  • Tri-Motor AWD អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២១០គីឡូម៉ែត្រក្នុងមួយម៉ោង និងចម្ងាយបើកបរជាង ៨០០គីឡូម៉ែត្រ ឯតម្លៃវិញគឺ ៦៩ ៩០០ដុល្លារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម