[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិរតថយន្ត Toyota ប្រចាំនៅប្រទេសចិនបានធ្វើការដាក់បង្ហាញចេញរថយន្ត TOYOTA GR86 ថ្មីក្រោមម៉ាក “GAZOO Racing” សរុបចំនួន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយនឹងតម្លៃលក់ចាប់ពី ៤៨ ៨៣៧ ដុល្លារ ដល់ ៥១ ៧២២ ដុល្លារ សម្រាប់ទីផ្សារប្រទេសចិន។
GR 86 មានលក្ខណៈពិសេសនៃការរចនាវិវត្តន៍ដ៏គួរឲ្យទាក់ទាញជាមួយនឹងប៉ាណាមុខរាងជាសំណាញ់ឲ្យឈ្មោះថា “Matrix G Mesh” អបដោយចង្កៀងមុខប្រភេទ LED, រន្ធខ្យល់បញ្ឈរ និងរបាំងការពារភុកខាងមុខរចនាថ្មីផងដែរ។ ខណៈ កាងចំហៀងរចនាបែបស្ព័រ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ ស្រោបជាមួយនឹងសំបកកង់ 215/40 R18 Michelin Pilot Sport 4 ជាដើម។
ចូលទៅកាន់ផ្នែកខាងក្នុងមានការរចនាយ៉ាងទំនើប ទាន់សម័យ និងផាសុកភាព ដោយមានភ្ជាប់ជាមួយកុងទ័រព័ត៌មានឌីជីថល TFT ទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay / Android Auto ។ លើសពីនេះ រថយន្តនេះក៏បានបន្ថែមនៅកៅអីស្រោបដោយពូកស្បែកថ្មីប្រភេទ Alcantara និងឧបករណ៍បំពងសំលេង ៨ ចំនុចផងដែរ។
បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ២,៤ លីត្រ ប្រភេទ Boxer អាចផលិតកម្លាំងបាន ២៣៤ សេះ និងកម្លាំងរមួល ២៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៦ វគ្គ ប្រព័ន្ធបើកបរប៉ុង ១ វិលកង់ក្រោយ។ មិនតែប៉ុណ្ណោះ Toyota GR86 ក៏បានបំពាក់ជាមួយប្រព័ន្ធជំនួយការបើកបរ Eyesight safety system ដែលរួមបញ្ចូលនៅប្រព័ន្ធសុវត្ថភាពជាច្រើនទៀតផងដែរ៕