កូនឡានអគ្គិសនីថ្មីរបស់បារាំង រូបរាងប្លែក តម្លៃជិត៩ពាន់ដុល្លារ

[ទីផ្សារបរទេស] ដោយសារភាពជោគជ័យនៃរថយន្ត My Ami Buggy នៅពេលនេះក្រុមហ៊ុន​រថយន្តបារាំង Citroen បាន​បង្ហាញ​ចេញ​រថយន្តអគ្គិសនីខ្នាតតូចប្រភេទពិសេសថ្មីដែលមានឈ្មោះថា My Ami Tonic ជារថយន្តលំដាប់ថ្នាក់ Flagship ថ្មីនៃ​រថយន្តត្រកូល Ami។

ជាមួយរចនាបថទាក់ទាញ រថយន្តតូចច្រឡឹងនេះមានបង្កប់ចំណុចអាថ៌កំបាំងមួយចំនួន ដូចជា​កូអរដោនេះដែលបានបិត​លើ​បង្អួតនៃ​រថយន្ត​គឺ​តំណាងឲ្យទីតាំងនៃ​ Automotive Design Network របស់​ក្រុមហ៊ុន Stellantis ដែលមាន​មូលដ្ឋាននៅ​ប្រទេស​បារាំង។ ចំណែកសញ្ញា + នៅ​លើ​ទ្វាររបស់អ្នកបើកបរ និងសញ្ញា – លើទ្វាររបស់អ្នកដំណើរ គឺតំណាងឲ្យ​ប៉ូល​របស់​អាគុយផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Mathieu Wandon ប្រធានផ្នែកក្រាហ្វិកឌីហ្សាញនៅ Citroen បាន​ពណ៌នា​ពី​រថយន្ត My Ami Tonic នេះថា​ជា​ឧបករណ៍​លេង​កម្សាន្តសម្រាប់មនុស្សមានវ័យចាប់ពី ១៤ឆ្នាំ ដល់៧៧ឆ្នាំ។

ចំពោះផ្នែកបច្ចេកទេសមិនមានការផ្លាស់ប្ដូរឡើង ដោយវានៅតែមានបំពាក់មកជាស្តង់ដារ​នូវ​អាគុយ​លីចូមចំណុះ ៥,៥kWh ដែល​ផ្ដល់​ចម្ងាយបើកបរ ៧០គីឡូម៉ែត្រ និងមាន​ម៉ូទ័រអគ្គិសនី​ដែល​ផ្ដល់​កម្លាំងបាន ៨សេះ ជា​មួយ​ប្រព័ន្ធបើកបរវិលកង់​មុខ (ប៉ុងមួយ)។

Citroen My Ami Tonic នឹងមានលក់លើទីផ្សារមួយ​ចំនួន​នៅអឺរ៉ុប ដោយតម្លៃនៅទីផ្សារបារាំង​ នឹងមាន​លក់​ក្នុងតម្លៃ​ចាប់ពី ៨ ៩០០​ដុល្លារ ឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម