ផ្លូវការ! ក្រុមហ៊ុន Toyota បានសម្រេចចិត្តបិទរោងចក្ររបស់ខ្លួននៅរុស្ស៊ី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថា ខ្លួននឹងបញ្ចប់ការផលិតរថយន្តនៅរោងចក្ររបស់ខ្លួននៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីការសម្រេចចិត្តរបស់ក្រុមហ៊ុនផលិតរថយន្តក្នុងការផ្អាកសកម្មភាពនៅរោងចក្រក្នុងខែមីនា។

ក្រុមហ៊ុន Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានផ្អាកការផលិតនៅរោងចក្រនៅថ្ងៃទី ៤ ខែមីនា “ដោយសារតែការរំខាននៅក្នុងការផ្គត់ផ្គង់សម្ភារៈ និងគ្រឿងបន្លាស់សំខាន់ៗ”។ ទោះជាយ៉ាងណាក៏ដោយ ដោយមានការរំពឹងទុកថា ការងារនៅរោងចក្រដែលផលិត RAV4 និង Camry អាចដំណើរការឡើងវិញនៅថ្ងៃណាមួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីរង់ចាំរយៈពេល ៦ខែមក មិនមានសញ្ញាណាមួយដែលបង្ហាញថាស្ថានភាពកំពុងប្រសើរឡើងនៅក្នុងប្រទេសរុស្ស៊ីនោះទេ។ ជាលទ្ធផល ក្រុមហ៊ុន Toyota បានសម្រេចចិត្តឲ្យបុគ្គលិកមរបស់ខ្លួនចេញ ហើយក្រុមហ៊ុនមិនមានបំណងក្នុងការបន្តប្រតិបត្តិការនៅរោងចក្រនោះទេ។

គួរឲ្យដឹងថា Toyota មិន​បាន​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែបានបន្តធ្វើប្រតិបត្តិការរបស់ខ្លួននៅទីក្រុងមូស្គូត្រូវបាន “ធ្វើឱ្យប្រសើរ និងរៀបចំរចនាសម្ព័ន្ធឡើងវិញ” នឹងផ្តោតលើការរក្សាបុគ្គលិក ដើម្បីគាំទ្រការចែកចាយរបស់ខ្លួន និងបម្រើអតិថិជន Toyota និង Lexus ដែលមានស្រាប់។

Toyota គឺជាក្រុមហ៊ុនផលិតរថយន្តមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តមួយចំនួនដែលបានផ្អាក ឬបញ្ឈប់ការងារនៅរោងចក្ររុស្ស៊ីរបស់ខ្លួនក្នុងខែមីនា ដោយសារឈ្លានពានទៅលើប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មពាណិជ្ជកម្មជាបន្តបន្ទាប់។

តាមរបាយការណ៍គេហទំព័រ Reuters បានឲ្យដឹងថា ឧស្សាហកម្មរថយន្តរបស់រុស្ស៊ីពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគពីបរទេស ហើយនៅក្នុងខែសីហា ការលក់រថយន្តបានធ្លាក់ចុះជាង ៦០% បើធៀបនឹងខែសីហា ឆ្នាំ ២០២១។ ក្នុងខែកក្កដា ស្របពេលជាមួយគ្នានេះដែរ ការលក់នៅក្នុងប្រទេសបានធ្លាក់ចុះជិត ៧៥%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម