Lamborghini Urus S ប្រកាសចេញជាផ្លូវការ តម្លៃ​ជិត ២០ម៉ឺនដុល្លារ នៅអ៉ីតាលី

[ទីផ្សារបរទេស] Lamborghini Urus S ត្រូវបានប្រកាសចេញជាផ្លូវការក្នុងនាមជាអ្នកជំនួសរថយន្ត Urus ធម្មតា ដោយ​វា​មាន​ប្រើប្រាស់​ម៉ាស៊ីន​កម្លាំងដូចជា Urus Performante ប៉ុន្តែផ្ដោតខ្លាំងលើប្រណីតភាព​ជាជាងការបើកបរ។

Urus ធម្មតា ផលិតកម្លាំងបាន ៦៤១សេះ ប៉ុន្តែ Urus S នេះ​មាន​ម៉ាស៊ីន Twin-Turbo ៨ស៊ីឡាំង ដែល​អាចផលិតកម្លាំងបាន ៦៥៧សេះ ដែល​មានន័យថាវាអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល​ត្រឹម ៣,៥វិនាទី លឿនជាងមុន ០,១វិនាទី ខណៈដែលល្បឿន​អតិបរមា​គឺ ៣០៥គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃើញថាសន្ទុះរបស់ Urus S មិនដូចនឹងរថយន្ត Performante ដែលអាចសម្រេចបានក្នុងពេល ៣,៣វិនាទី ក៏​ដោយ​សារ​រថយន្ត​ទាំងពីរមានទម្ងន់ខុសគ្នា គឺ ២១៩៧គីឡូក្រាម លើរថយន្ត Urus S និង ២១៥០គីឡូក្រាម លើរថយន្ត Urus Performante។

ចំណុចខុសគ្នា​រវាង​ Urus S ជាមួយ Urus ធម្មតា​គឺ​វា​មាន​ផ្លាស់ប្ដូរការឌីហ្សាញមួយ​ចំនួន រួមមានកាងខាងមុខដែល​ប្រើប្រាស់​ដែក​អ៉ីណុក​ពណ៌​ខ្មៅ​មក​ជា​ស្តង់ដារ ហើយផ្នែក​ខាងក្រោយ​ក៏មានផ្លាស់ប្ដូរថ្មីបន្តិចបន្តួចផងដែរ។ ចូលដល់​ផ្នែក​ខាង​ក្នុង ត្បិតថាមាន​ការ​ផ្លាស់​ប្ដូរតិច ប៉ុន្តែវាមាន​ផ្ដល់​ជូន​ជម្រើស​ពណ៌​ថ្មី ជាមួយ​ពណ៌​ពីរបញ្ចូលគ្នាដែលកាន់តែទាក់ទាញ។

តម្លៃរបស់ Lamborghini Urus S សម្រាប់ទីផ្សារសហរដ្ឋអាមេរិកមិនទាន់ប្រកាសចេញនៅឡើយទេ ប៉ុន្តែនៅ​អ៉ីតាលី មុន​គិត​ពន្ធ រថយន្តនេះមានតម្លៃ​ប្រមាណ ១៨៨ ០០០ដុល្លារ ធូរថ្លៃជាង Urus Performante ដែល​មានតម្លៃ​ប្រមាណ ២១០ ០០០ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម