[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BMW បានធ្វើការប្រកាសថា រថយន្តទី ៦ ០០០ ០០០ គ្រឿង ដែលផលិតនៅរោងចក្រ Spartanburg របស់ខ្លួនក្នុងរដ្ឋ South Carolina បានរំកិលចេញពីរោងចក្រហើយ ដែលជាសមិទ្ធិផលដ៏សំខាន់ក្នុងខួបលើកទី 30th Anniversary នៃការបើកដំណើរការរោងចក្រ ដែលជារោងចក្រដំឡើងម៉ាកយីហោដំបូង និងតែមួយគត់នៅសហរដ្ឋអាមេរិក។
សម្រាប់រថយន្តនេះ ដែលនឹងត្រូវបានរក្សាទុកដោយក្រុមហ៊ុន BMW សម្រាប់ការប្រមូលជាប្រវត្តិសាស្ត្ររបស់វាគឺ Java Green Metallic X6 M ដែលបំពាក់ដោយម៉ាស៊ីនចំណុះ ៤,៤ លីត្រ V8 Twin-turbocharged ដែលបង្កើតកម្លាំងបាន ៦០០ សេះ ។ ទន្ទឹមនឹងនោះ ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយស្បែក Silverstone Full Merino Leather ជាមួយនឹងថាសកង់ពីរពណ៌ទំហំ ២១-២២ អ៊ីញប្រភេទ M Star-spoke wheel។
ដំណាក់កាលនៃការផលិតកើតឡើងត្រឹមតែពីរឆ្នាំបន្ទាប់ពីរោងចក្របានបញ្ចប់ការងារលើរថយន្តទី ៥ ០០០ ០០០ គ្រឿងរបស់ខ្លួនក្នុងខែមិថុនា ឆ្នាំ ២០២០។ រថយន្តនោះជារថយន្ត BMW X5 M Competition ត្រូវបានបន្តដោយផលិតភាពបំបែកកំណត់ត្រាជាច្រើនខែសម្រាប់រោងចក្រ។ នៅឆ្នាំ ២០២១ រោងចក្រនេះអាចផលិតរថយន្តបានជាង ១ ៥០០ គ្រឿងក្នុងមួយថ្ងៃ និងរថយន្ត ៤៣៣ ៨១០ គ្រឿងពេញមួយឆ្នាំ។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំរហូតដល់ ៤៥០ ០០០ គ្រឿង និងមានបុគ្គលិកជាង ១១ ០០០ នាក់។
លោក Robert Engelhorn ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន BMW Manufacturing បាននិយាយថា “ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ មក ក្រុមនៅរោងចក្រ Plant Spartanburg បានផលិតរថយន្តបានមួយលានគ្រឿង” ។ “ខ្ញុំមានមោទនភាពមិនគួរឲ្យជឿចំពោះសហការីរបស់យើង និងភាពធន់ដែលពួកគេបានបង្ហាញក្នុងអំឡុងពេលប្រែប្រួលនេះ។
តាមរយៈប្រវត្តិរបស់រោងចក្រនេះ បានបើកដំណើរការក្នុងឆ្នាំ ១៩៩២ ចាយពេល ១៤ ឆ្នាំដើម្បីផលិតរថយន្តទី ១ លានគ្រឿងរបស់ខ្លួនដែលជារថយន្តម៉ាក Z4 M Roadster ឆ្នាំ ២០០៦ ។ ឥឡូវនេះ រោងចក្រ BMW ដ៏ធំបំផុតនៅលើលោកនេះ បានផលិតរថយន្តប្រភេទ SUV និងប្រភេទ Crossovers ភាគច្រើនរបស់ក្រុមរួមមាន X3, X4, X6, X6 និង X7 ហើយវានឹងចាប់ផ្តើមផលិតម៉ូដែលខ្ពស់បំផុតសម្រាប់ XM ផងដែរ។ មិនតែប៉ុណ្ណោះ រោងចក្រ Spartanburg បានបញ្ចេញរថយន្ត SUV ទៅកាន់ទីផ្សារជុំវិញពិភពលោក ហើយរោងចក្រតែមួយនេះ បានធ្វើឲ្យ BMW ក្លាយជាក្រុមហ៊ុននាំចេញរថយន្តធំជាងគេនៅសហរដ្ឋអាមេរិក៕