និយាយទៅកាន់អ្នកកាសែតកាលពីថ្មីៗនេះ លោក Louis Camilleri ជានាយកប្រតិបត្តិ Ferrari បានបង្ហើបឲ្យដឹងអំពីគោលដៅបញ្ចេញរថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនៅក្រោយឆ្នាំ ២០២៥។
លោក Louis បាននិយាយដូចនេះថា ៖ “ញាណខ្ញុំប្រាប់ថា រថយន្តអគ្គិសនីអាចនឹងចេញមុខនៅក្រោយឆ្នាំ ២០២៥។”
ហេតុផលចម្បងដែលនាំឲ្យម៉ាករថយន្តនេះអូសបន្លាយការផលិតរថយន្តអគ្គិសនីសុទ្ធ ដោយសារតែបច្ចេកវិទ្យានៃអាគុយមិនទាន់ដល់ចំណុចដែលក្រុមហ៊ុនទាមទារនៅឡើយ។ មានន័យថាបញ្ហាទាក់ទងនឹងការសាកថ្មយឺតយ៉ាវនៃរថយន្តអគ្គិសនីបច្ចុប្បន្ន។
លោកនាយកប្រតិបត្តិបានបញ្ជាក់ថា ក្រុមហ៊ុនគឺកំពុងតែសិក្សាលើរថយន្តស្ព័រប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។
សម្រាប់ពេលដ៏ខ្លីខាងមុខនេះ Ferrari នឹងបន្តអភិវឌ្ឍន៍រថយន្តប្រើប្រាស់ប្រព័ន្ធ Hybrid ដដែល។ ក្រុមហ៊ុនបានកំណត់គោលដៅថានៅត្រឹមឆ្នាំ ២០២២ ក្នុងចំណោមចំនួនរថយន្តដែលលក់ចេញសរុប មាន ៦០% នឹងជារថយន្ត Hybrid (ប្រើប្រព័ន្ធម៉ាស៊ីន បូកនឹងម៉ូទ័រអគ្គិសនី)៕