[ទីផ្សារបរទេស] មេផ្នែកលក់ និងទីផ្សាររបស់ Toyota ប្រចាំអូស្ត្រាលី លោក Sean Hanley បានលើកឡើងវិញអំពីជំនឿជាក់របស់ក្រុមហ៊ុន Toyota ដែលថារថយន្តអគ្គិសនី មិនមែនជាវិធីតែមួយគត់ក្នុងការកាត់បន្ថយឧស្ម័នពុលនោះទេ។
លោក Sean Hanley បានលើកឡើងថា ដើម្បីជួយដល់បរិស្ថានបាន គឺត្រូវតែឆ្ពោះទៅជាមួយគ្នា ដោយ Toyota ត្រូវមានដំណោះស្រាយសម្រាប់ទីផ្សារដែលខ្លួនកំពុងប្រតិបត្តិការ។ សម្រាប់អូស្ត្រាលី លោកជឿជាក់ថាជម្រើសម៉ាស៊ីនច្រើនប្រភេទគឺជាដំណោះស្រាយ។
លោក Sean Hanley លើកឡើងដូចនេះ ៖ “យើងនឹងមានរថយន្តអគ្គិសនីសុទ្ធសម្រាប់អតិថិជនដែលចង់បានវាប្រើប្រាស់ក្នុងក្រុង ហើយយើងក៏នឹងមានរថយន្ត Hybrid, រថយន្តអគ្គិសនីប្រើថាមពល fuel-cell និងរថយន្ត plug-in hybrid ផងដែរ។”
មេផ្នែករូបនេះបានបន្ថែមថាគ្រប់រថយន្ត Toyota ទាំងអស់ លើកលែងតែរថយន្តប្រភេទ GR នឹងមានជម្រើសអគ្គិសនីច្រើនប្រភេទនៅត្រឹមឆ្នាំ២០៣០។
លើសពីនេះលោកក៏បានបន្ថែមថា រថយន្ត Hybrid ចំនួន ៣០ម៉ឺនគ្រឿង ដែលបានលក់ចេញនៅប្រទេសអូស្ត្រាលី គឺបានចូលរួមចំណែកក្នុងការកាត់បន្ថយឧស្ម័នពុលស្មើនឹងរថយន្តអគ្គិសនីប្រមាណ ៩ម៉ឺនគ្រឿង៕