ឡានអគ្គិសនី Genesis GV70 ដាក់លក់ក្នុងប្រទេសអូស្ត្រាលី ជាមួយតម្លៃខ្ទង់ ៨មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Genesis ប្រចាំនៅប្រទេសអូស្រ្តាលីបានធ្វើការដាក់បង្ហាញចេញរថយន្តអគ្គិសនី Genesis GV70 ជាម៉ូដែលកំពូលប្រភេទ SUV ជាមួយនឹងតម្លៃលក់ចាប់ពី ៨០​ ​២៤១ ដុល្លារនៅក្នុងទីផ្សាររបស់ខ្លួន។

គ្រប់ម៉ូដែលដែលលក់នៅប្រទេសអូស្ត្រាលីនឹងមកជាមួយកញ្ចប់ Luxury Package ជាស្តង់ដាររួមមាន ថាសកង់ស្ព័រទំហំ ២០ អ៊ីញ, ភ្លើងលម្អក្នុងរថយន្ត, កៅអីស្រោបដោយស្បែក Nappa, កៅអីខាងមុខដែលអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនិ ១៨ ទិសដៅ, មុខងារម៉ាស្សាក, ឧបករណ៍ស្កេនស្នាមម្រាមដៃ, កុងទ័រព័ត៌មានឌីជិថលទំហំ ១២,៣ អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ និងជំនួយការចូលចតរថយន្តតាមរយៈ Smart Key។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមលក្ខណៈស្តង់ដារសំខាន់ៗផ្សេងទៀតរបស់រថយន្ត Genesis GV70 គឺឧកបរណ៍បំពងសំឡេងចំនួន​១៤ ចំនុច 1050 watt Lexicon by Harman audio system, ប្រព័ន្ធកាត់បន្ថយសំលេងរំខាន (Active Noise Control), ប្រព័ន្ធសំឡេង e-Active Sound Design, អេក្រង់កំសាន្ត HD touchscreen ទំហំ ១៤,៥ អ៊ីញ និងមុខងារសុវត្ថិភាពជាច្រើន រួមមាន ប្រព័ន្ធផ្តល់សញ្ញាពេលរថយន្តចាកគន្លងផ្លូវ, ប្រព័ន្ធកំណត់ល្បឿនជាមួយមុខងារ Stop/Go, ប្រព័ន្ធផ្តល់សញ្ញាគ្រោះថា្នក់ពេលមានឧបសគ្គ និងមុខងារជាច្រើនទៀតផងដែរ។

ដូចនៅប្រទេសផ្សេងទៀត រថយន្តនេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៤៨២ សេះ និងកម្លាំងរមយល ៧០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៧,៤​ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៤៥ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

​ជាមួយគ្នានេះ ប្រធានក្រុមហ៊ុន Genesis Motors Australia លោក Connal Yan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានសេចក្តីរំភើបរីករាយក្នុងការដាក់បង្ហាញរថយន្តអគ្គិសនី GV70 នៅក្នុងប្រទេសអូស្ត្រាលី និងនាំយកចំនួនសរុបរបស់យើងទៅកាន់ម៉ូដែលអគ្គិសនីថ្មីចំនួន ៣ នៅឆ្នាំនេះ” ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម