Toyota អាចនឹងផលិតរថយន្ត Toyota Corolla Cross ប្រភេទអគ្គិសនីសុទ្ធឆាប់ៗនេះ

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ទិន្នន័យពីប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី លោក Sean Hanley អនុប្រធានផ្នែកលក់ និងទីផ្សាររបស់ Toyota Australia បានប្រាប់គេហទំព័រ CarsGuide ថា រថយន្ត Toyota Corolla Cross ប្រភេទអគ្គិសនីសុទ្ធ អាចនឹងផលិតនាពេលខាងមុខនេះ។

ក្នុងនោះ លោក Sean Hanley បាននិយាយថា យើងមិនអាចបដិសេធឱកាសក្នុងការបំប្លែង Toyota Corolla CROSS ទៅជាអគ្គិសនីបានទេ ហើយគ្មានហេតុផលដើម្បីបដិសេធក្នុងការផលិតរថយន្តនេះប្រភេទអគ្គិសនីនោះទេ។ គួរឲ្យដឹងថា បច្ចុប្បន្ននេះ រថយន្ត​ Toyota Corolla Cross មានត្រឹមតែម៉ូដែលកូនកាត់ Hybrid ប៉ុណ្ណោះ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទោះ​យ៉ាង​នេះ​ក្ដី មូលហេតុ​ដែល​រថយន្ត Toyota Corolla CROSS មិន​អាច​ផលិត​អគ្គិសនី​សុទ្ធ​នៅ​ពេល​បច្ចុប្បន្ន ដោយសារតែផលិតផល Corolla CROSS កំពុងនៅថ្មី និងត្រូវបានដាក់បង្ហាញកាលពី ២ឆ្នាំមុន។ នេះមានន័យថាពួកគេត្រូវអភិវឌ្ឍម៉ូដែលឲ្យកាន់តែប្រសើរជាងមុនសិន ហើយក្លាយជាការពេញនិយមមុននឹងប្រើប្រាស់អគ្គិសនីសុទ្ធ។

គួរបញ្ជាក់ផងដែរថា ការមកដល់នៃម៉ាករថយន្តអគ្គិសនីរបស់ចិនដូចជា BYD ATTO 3 និង MG ZS EV បានគូសបញ្ជាក់យ៉ាងខ្លាំងពីប្រជាប្រិយភាពនៃរថយន្តអគ្គិសនី។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងត្រូវតែធ្វើដើម្បីរក្សាចំណែកទីផ្សារនេះ។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ថ្មីៗចាប់ផ្តើមចង្អុលទៅក្រុមហ៊ុន Toyota នឹងយកចិត្តទុកដាក់បន្ថែមទៀតចំពោះរថយន្តអគ្គិសនី (BEV) នាពេលអនាគត ដោយលុបចោលផែនការបញ្ចេញម៉ូដែលមួយចំនួន និងដាក់លក់រថយន្តអគ្គិសនីទៅកាន់ទីផ្សារឲ្យបានលឿនជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម