សន្ទុះនៃការគាំទ្រ និងការប្រើប្រាស់រថយន្តថ្មីបានបន្តកើនឡើងជារាងរាល់ថ្ងៃ ដោយក្នុងនោះក្រុមហ៊ុននាំចូលរថយន្តផ្លូវការជាច្រើនបានធ្វើការពង្រីលវិសាលភាពនៃត្រកូលរថយន្តរបស់ខ្លួនជាមួយការនាំចូលម៉ូឌែលថ្មីៗជាបន្តបន្ទាប់មកកាន់ទីផ្សារប្រទេសកម្ពុជា ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Chevrolet Cambodia ក៏បានធ្វើការប្រកាសត្រៀមនាំមកនូវម៉ូឌែលថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាសម្រាប់ផ្តល់ជូនជម្រើសកាន់តែងាយស្រួលដល់អតិថិជនរបស់ខ្លួនបន្ថែម ជាមួយតម្លៃកាន់តែពិសេសក្រោម ៣ម៉ឺនដុល្លារ នោះគឺរថយន្ត Chevrolet Tracker (Redline Edition) សេរ៊ីថ្មីចុងក្រោយ។
រថយន្ត Chevrolet Tracker (Redline Edition) ជារថយន្តSUV ដែលឌីហ្សាញមកបែបស្ព័រ មានភាពទូលាយ បំពាក់បច្ចេកវិទ្យាទំនើបៗ ស័ក្កសមសម្រាប់គ្រួសារដែលមានសមាជិក ៥នាក់។ រថយន្តនេះមានប្រវែងសរុប ៤ ២៧០មីលីម៉ែត្រ ទទឹង ១ ៧៩១មីលីម៉ែត្រ និងកម្ពស់ ១ ៦២៧មីលីម៉ែត្រ។
ចំណែកការរចនានៅផ្នែកខាងក្នុងត្រូវបានឌីស្សាញឡើងដោយផ្តោតសំខាន់ទៅលើប្រណិតភាព និងផាសុកភាព ដោយបានប្រើប្រាស់ជាមួយពណ៌ខ្មៅ និងរំលេចជាមួយថ្នេដេរពណ៌ក្រហម ទៅលើផ្នែកសំខាន់ៗដូចជា តាប្លូ, Console កណ្តាល និងកៅអី។ បន្ថែមជាមួយការបំពាក់កៅអីប្រភេទស្បែក, ដៃចង្កូតប្រភេទស្បែកភ្ជាប់ដោយប៊ូតុងកំណត់មុខងារបញ្ជាដោយសម្លេង, កុងទ័របង្ហាញព័ត៌មានឌីស្សាញបែប Dual Cockpit, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple Carplay និង Bluetooth, កន្លែងដាក់របស់ចំនួន ២០កន្លែង, ដំបូលកញ្ចក់បើកប្រវែងវែង និងប្រព័ន្ធសុវត្តិភាពដូចជា៖
- ប្រព័ន្ធកាំមេរ៉ាជំនួយចូលចតនៅផ្នែកខាងក្រោយ
- ប្រព័ន្ធការពារចោរកម្ម
- ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់
- ប្រព័ន្ធទប់លំនឹងកុំឲ្យរអិលថយក្រោយពេលឡើងចំណោត
- ប្រព័ន្ធការពារមិនអោយជាប់គាំងហ្វ្រាំង ABS
- ពោងការពារសុវត្ថិភាព
ម៉ូឌែលថ្មី Chevrolet Tracker (Redline Edition) ដំណើរការដោយម៉ាស៊ីន ៣ស៊ីឡាំង ប្រភេទ Eco-friendly ជំនួយដោយ Turbo ជួយផលិតកម្លាំងបាន ១១៨សេះ និងកម្លាំងរមួល ១៧៥ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខស្វ័យប្រវត្តិ ៦វគ្គ។
សូមបញ្ជាក់ផងដែរថា ទាំងនេះគឺជាលក្ខណៈពិសេសៗដែលក្រុមការងារ ខេមបូ អូតូ បានសង្ខេបពីរថយន្ត Chevrolet Tracker (Redline Edition) ដែលបានចេញលក់នៅតាមបណ្តាលប្រទេសមួយចំនួន ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមនៃរថយន្តនេះយើងនឹងធ្វើការរង់ចាំការមកដល់ជាផ្លូវការ ឬបងប្អូនអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ 093 889 888 | 089 850 888 និងទំព័រ Facebook ផ្លូវការរបស់ Chevrolet Cambodia៕