Kia កត់ត្រាខែវិច្ឆិកាល្អបំផុតមិនធ្លាប់មានសម្រាប់ទីផ្សារអាមេរិក

[ទីផ្សារបរទេស] ក្រុមហ៊ុន Kia បានចាប់ផ្ដើមការផលិតរថយន្ត Sportage នៅអាមេរិកជាលើកដំបូងកាលពីដើមឆ្នាំ ហើយពេលនេះវាបានជះឥទ្ធិពលធំលើការលក់របស់ក្រុមហ៊ុន។

តាមការប្រកាសរបស់ Kia បានឲ្យដឹងខែវិច្ឆិកាកន្លងទៅ បានក្លាយជាខែល្អបំផុតក្នុងប្រវត្តិសាស្ត្រលើទីផ្សារអាមេរិក ដោយខ្លួនអាចលក់រថយន្តបាន ៥៦ ៧០៣គ្រឿង។ ចំនួននេះគឺកើនឡើង ៨% ធៀបនឹងកំណត់ត្រាពីមុនដែលទទួលបានកាលពីឆ្នាំ២០១៦ និងកើនឡើង ២៥,១% ធៀបនឹងឆ្នាំ២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់នេះបាននាំមុខដោយរថយន្ត Kia Sportage ស៊េរីឆ្នាំ២០២៣ ដែលលក់បានសរុប ១០ ៥៥៤គ្រឿង ជាការកើនឡើងខ្លាំងធៀបនឹងចំនួនលក់ ៤ ៣៣០គ្រឿង កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ គិតមកទល់ខែវិច្ឆិកានេះ Kia អាចលក់រថយន្ត Sportage បានចំនួន ១១២ ១៧០គ្រឿង ធ្វើឲ្យវាក្លាយជារថយន្តពេញនិយមជាងគេក្នុងសែស្រឡាយរថយន្ត Kia។

ងាកទៅមើលរថយន្តអគ្គិសនី Kia EV6 អាចលក់ចេញបានត្រឹម ៦៤១គ្រឿង កាលពីខែវិច្ឆិកា ខណៈដែលចំនួនសរុបគិតត្រឹមខែវិច្ឆិកានេះ មានចំនួន ១៩ ៣៩១គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម