Tesla វាយលុកទីផ្សារប្រទេសថៃ ជាមួយឡានតម្លៃចាប់ពី ៥ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានជ្រើសរើសប្រទេសថៃជាប្រទេសទីពីរនៅអាស៊ីអាគ្នេយ៍ (សិង្ហបុរីដំបូងគេ) សម្រាប់ការដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនជាផ្លូវការ ដោយចាប់ផ្ដើមជាមួយផលិតចំនួនពីរគឺរថយន្ត Model 3 និង Model Y។

សម្រាប់រថយន្ត Model 3 មានដាក់លក់ជាបីប្រភេទរួមមាន Standard Range មានតម្លៃ ៥ម៉ឺនដុល្លារ, ប្រភេទ Long Range មានតម្លៃប្រមាណ ៥៧ ០០០ដុល្លារ និងប្រភេទ Performance មានតម្លៃប្រមាណ ៦៦ ០០០ដុល្លារ។ បន្ថែមពីនេះរថយន្តក៏មានជម្រើសបន្ថែមមុខងារបើកបរស្វ័យប្រវត្តិ Autopilot ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Model 3 នេះអាចបើកបរបានចម្ងាយចន្លោះពី ៥៥៩គីឡូម៉ែត្រ ដល់ ៦៨១គីឡូម៉ែត្រ អាស្រ័យលើប្រភេទនីមួយៗ និងអាចផលិតកម្លាំងបានចន្លោះពី ២៧៩សេះ ដល់ ៤៥០សេះ ផងដែរ។

ចំណែករថយន្ត Model Y មានចែកចេញជាបីប្រភេទដូចគ្នាជាមួយតម្លៃចន្លោះពីប្រមាណ ៥៦ ០០០ដុល្លារ ដល់ប្រមាណ ៧១ ៧០០ដុល្លារ ជាមួយចម្ងាយបើកបរចន្លោះពី ៥១០គីឡូម៉ែត្រ ដល់ ៦២៣គីឡូម៉ែត្រ អាស្រ័យទៅតាមប្រភេទរបស់វា។

បន្ថែមពីលើរថយន្ត Model 3 និង Model Y ក្រុមហ៊ុន Tesla ក៏នឹងដាក់ដំណើរការស្ថានីយសាកភ្លើង Supercharge នៅត្រីមាសដំបូងនៃឆ្នាំ២០២៣ ហើយអតិថិជននឹងអាចទទួលបានរថយន្តប្រើប្រាស់ចាប់ពីដើមឆ្នាំ២០២៣ ជាមួយការកុម្ម៉ង់ទិញបានបើកកាលពីថ្ងៃទី៧ ខែធ្នូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម