Tesla ទំនងជាបោះជំហានកាន់តែជិតក្នុងការបង្កើតអាគុយ ដែលក្រុមហ៊ុនអះអាងថានឹងអាចបើកបរបានដល់ចម្ងាយ ១ លានម៉ាយ (១,៦ លានគីឡូម៉ែត្រ) ឯណោះ។
ក្រុមហ៊ុនអាមេរិកនេះបានសហការជាមួយអ្នកជំនាញរូបវិទ្យាមកពីសកលវិទ្យាល័យកាណាដា Dalhousie University ហើយគេបានចុះប៉ាតង់សម្រាប់បច្ចេកវិទ្យាអាគុយលីចូមថ្មី ដែលអះអាងថាមានអាយុកាលលើសអាគុយលីចូមដែលប្រើប្រាស់លើរថយន្តអគ្គិសនីដទៃទៀតភាគច្រើន។
លោក Elon Musk បានប្រាប់ឲ្យដឹងអំពីកិច្ចការនេះកាលពីខែមេសា ឆ្នាំ ២០១៩។ អាគុយប្រភេទនេះអាចមិនសំខាន់សម្រាប់អតិថិជន Tesla ទូទៅនោះទេ ដោយសារអាយុកាលដែលគេប្រើប្រាស់រថយន្តជាមធ្យមនៅអាមេរិកគឺប្រមាណ ១៥០ ០០០ ម៉ាយ ប៉ុណ្ណោះ។ យ៉ាងណាក្ដីអាគុយនេះអាចសំខាន់សម្រាប់រថយន្តដឹកទំនិញចម្ងាយឆ្ងាយ ដែលជាទូទៅបើកបរចម្ងាយរហូតដល់ ១៥០ ០០០ ម៉ាយក្នុងមួយឆ្នាំ៕