Toyota បានបង្ហាញចេញចំនួនលក់រថយន្តប្រចាំឆ្នាំ ២០១៩ ដែលរយៈពេល ១២ ខែកន្លងមកនេះ ក្រុមហ៊ុនអាចលក់រថយន្តបាន ២ ០៨៥ ២៣៥ គ្រឿង មានការថយចុះ ២,០% បើធៀបនឹងឆ្នាំមុន។
បើមើលលើចំនួនលក់ ច្បាស់ណាស់ថា Toyota ត្រូវការកែសម្រួលរថយន្តចំណាស់ៗមួយចំនួនរបស់ខ្លួន។ ប៉ុន្តែគេភ្ញាក់ផ្អើលពេលឃើញថាចំនួនលក់របស់ Land Cruiser ដែលជារថយន្តមានអាយុកាលចាស់ជាងគេនោះ មានការកើនឡើងចំនួនលក់។
Toyota អាចលក់ចេញ Land Cruiser បាន ៣ ៥៣៦ គ្រឿង ដែលមានការកើនឡើង ៩,៧%។ រថយន្ត SUV មួយទៀតដែលកើនចំនួនលក់គឺ RAV4 ដែលលក់បាន ៤៤៨ ០៧១ គ្រឿង កើនឡើង ៤,៩%។ គួរដឹងថាចាប់ផ្ដើមពី ២០២០ ទៅ ក្រុមហ៊ុន Toyota នឹងសម្រុកបញ្ចេញរថយន្តថ្មីៗ ដោយក្នុងរយៈពេល ៣៦ ខែខាងមុខ នឹងមានការប្រកាសចេញថ្មី ៣១ លើក។
លោក Jack Hollis អនុប្រធាននិងនាយកគ្រប់គ្រងទូទៅនៃសាខា Toyota បានលើកឡើងថា ៖ “២០១៩ គឺជាឆ្នាំដ៏ខ្លាំងក្លាសម្រាប់ Toyota។ យើងនៅអាចរក្សាតំណែងលេខមួយផ្នែក Hybrid, រថយន្តធម្មតា, រថយន្ត SUV, រថយន្តដឹកទំនិញខ្នាតតូច និងចំនួនលក់រាយ។ ប៉ុន្តែយើងមិនឈប់ត្រឹមនេះទេ។ យើងកំពុងត្រៀមខ្លួនសម្រាប់ឆ្នាំ ២០២០ ដែលកាន់តែប្រសើរជាងនេះ ដោយនឹងបញ្ចេញរថយន្តថ្មី នឹងបន្តឈរតំណែងកំពូលផ្នែក Hybrid បន្តទៀត៕”