[បរទេស] បន្ទាប់ពីមានដំណឹងនៃការឈានជើងចូលទីផ្សាររថយន្តតាំងពីឆ្នាំ ២០២១ ពេលនេះក្រុមហ៊ុន Xiaomi បានឈានដល់ដំណាក់កាលនៃការចាប់ផ្តើមផលិតផលពាណិជ្ជកម្មដំបូងរបស់ខ្លួនគឺម៉ូដែលរថយន្តអគ្គិសនី MS11 ហើយរូបភាពជាក់ស្តែងមួយចំនួននៃរថយន្តនេះត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមក្នុងប្រទេសចិន។
MS11 មានការរចនាដូចរថយន្ត Sportback ទូទៅ ដោយមានដំបូលជម្រាលចុះក្រោម រួមផ្សំជាមួយនឹងការរចនាដៃទ្វារលាក់ចូលក្នុងដើម្បីធ្វើឱ្យ MS11 កាន់តែមានភាពទាក់ទាញ និងជំនួយដល់ប្រព័ន្ធ Aerodynamic កាន់តែល្អ។ ព័ត៌មានលម្អិតផ្នែកខាងក្រៅជាច្រើននៃ MS11 ត្រូវបានបំផុសគំនិតដោយម៉ាកយីហោធំៗនៅលើពិភពលោកដូចជា សំណុំចង្កៀងមុខជាប្រភេទ LED ដូចទៅនឹងរថយន្ត McLaren ចង្កៀងក្រោយ LED វែងមានរចនាបថ Aston Martin ឬ Porsche។
ថាសកង់រចនាជាអក្សរ”Y” ស្រដៀងនឹងរថយន្ត Lamborghini Huracán EVO បំពាក់ដោយហ្វ្រាំងប្រភេទ Brembo ជាមួយនឹងដុំហ្រ្វាំង calipers ពណ៌លឿង។ ក្នុងនោះ រូបភាព និងព័ត៌មានលម្អិតនៃផ្នែកខាងក្នុងមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
យោងតាមសារព័ត៌មាន Car News China បានឱ្យដឹងថា Xiaomi MS11 នឹងត្រូវបានបំពាក់ដោយកញ្ចប់អាគុយអគ្គិសនីដែលផ្គត់ផ្គង់ដោយ CATL និង BYD ខណៈពេលដែលម៉ូទ័រអគ្គិសនីនឹងត្រូវបានបង្កើតឡើងដោយខ្លួនឯង។ គូប្រជែងដ៏សំខាន់របស់ Xiaomi នាពេលអនាគតអាចជា Afeela ដែលជាម៉ាកយីហោក្រោមកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុន Honda និង Sony ៕