ក្រុមហ៊ុន Toyota បានបញ្ចេញរថយន្ត RAV4 ប្រើម៉ាស៊ីនប្រភេទ Plug-in Hybrid ស៊េរីថ្មីរបស់ខ្លួន នៅលើទីផ្សារអឺរ៉ុបជាផ្លូវការ ដោយហៅឈ្មោះថា RAV4 Prime។
រថយន្ត RAV4 Prime បំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ ម៉ូទ័រអគ្គិសនីមួយ និង អាគុយ Hybrid មួយ មានកម្លាំងសរុប ៣០២សេះ ប្រើប៉ុងពីរ AWD-i (intelligent electric all-wheel drive system) អាចជាន់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,២វិនាទី។
ដោយសារតែជារថយន្តប្រភេទ Plug-in Hybrid ដូច្នេះវាអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធចម្ងាយ ៦៥គីឡូម៉ែត្រ ដល់ល្បឿនអតិបរមា ១៣៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
RAV4 Prime មានភាពខុសប្លែកពី RAV4 ធម្មតា ត្រង់តួខ្លួន២ពណ៌, កាងបែបស្ព័រជាង, ឡូហ្គូពណ៌ខៀវ ក៏ដូចជាយ៉ាន់ថ្មីទំហំ ១៨អ៊ីង និង ១៩អ៊ីងផដែរ។ ចំណែកឯផ្នែកខាងក្នុង វាផ្តល់នូវអារម្មណ៍បែបស្ព័រ ជាមួយអេក្រង់ Touchscreen ទំហំ ៩អ៊ីង មានមុខងារ Apple CarPlay និង Android Auto, កៅអីមុខក្រោយមានមុខងារកម្តៅ, ឃ្លុបក្រោយចុច, ដំបូលកញ្ចក់លាតធំ និង កុងទ័របាញ់លើកញ្ចក់ ជាដើម។
ទោះបីជាយ៉ាងណា ក្រុមហ៊ុន Toyota មិនទាន់បានបង្ហាញពីតម្លៃលក់ផ្លូវការរបស់វានៅឡើយទេ៕