ក្រោយពីយ៉ាប់យ៉ឺនអស់ត្រូវរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរួចមក Tesla ចាប់ផ្ដើមឃើញសញ្ញាវិជ្ជមានវិញ។ រថយន្ត Tesla Model 3 របស់ក្រុមហ៊ុនកំពុងផលិតតាមតម្រូវ, រោងចក្រថ្មីនៅសៀងហៃបានបើកដំណើរការ ហើយនឹងមានរោងចក្រទីពីរឆាប់ៗនៅប្រទេសអាល្លឺម៉ង់។ បន្ថែមពីនេះ បច្ចុប្បន្ន Tesla គឺមានតម្លៃទីផ្សារច្រើនជាង GM និង Ford រួមបញ្ចូលគ្នាទៅទៀត។
ជាក់ស្ដែងទៅអ្នកវិភាគសហគ្រាសរថយន្ត និងសេដ្ឋកិច្ចជឿជាក់ថា Tesla អាចជាការគំរាមកំហែងដល់ក្រុមហ៊ុនផលិតរថយន្តនាពេលបច្ចុប្បន្ន។ ទោះយ៉ាងណាគេនៅរង់ចាំមើលសិន ប៉ុន្តែមានក្រុមហ៊ុនរថយន្តមួយក៏កំពុងតែឡើងកូដលើការលក់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីផងដែរ នោះគឺ Toyota។
តួលេខដែលទស្សនាវដ្ដី Forbes ប្រមូលបាន បង្ហាញថាចំនួនលក់រថយន្តប្រភេទ Hybrid របស់ Toyota បានកើនឡើង ២៨,៧% នៅសហរដ្ឋអាមេរិក ខណៈដែលចំនួនលក់ Lexus Hybrid គឺកើនឡើងជិត ៤៣,១%។ Toyota លក់រថយន្ត Hybrid បានសរុប ២៧៤ ៥៥០ គ្រឿងក្នុងឆ្នាំ ២០១៩ លើទីផ្សារអាមេរិក។ ធៀបនឹង Tesla ឯណោះលក់រថយន្តបានប្រហែល ២០ ម៉ឺនគ្រឿងកាលឆ្នាំមុន។
គួរដឹងថា Toyota មានលក់ប្រភេទមិនមែនជា Hybrid សម្រាប់រថយន្តល្បីៗរបស់ខ្លួន ដូចជា RAV4 ជាដើម។ យ៉ាងណាក្ដីអតិថិជនពេញចិត្តនឹង Toyota RAV4 Hybrid ជាង។ មានរថយន្ត RAV4 Hybrid ចំនួន ៩២ ៥០០ គ្រឿង លក់ចេញកាលពីឆ្នាំ ២០១៩ ដែលកើនឡើង ៩២,៣% ធៀបនឹងឆ្នាំមុន។
ជាមួយសមិទ្ធផលនេះគេជឿជាក់ថា Toyota អាចជាការគំរាមកំហែងខ្លាំងក្លាមួយរបស់ Tesla លើផ្នែករថយន្តដែលមានប្រើប្រាស់ថាមពលអគ្គិសនី។ ប្រសិនបើ Toyota បញ្ចេញលក់រថយន្តប្រើថាមពលអគ្គិសនីសុទ្ធទៀតនោះ Tesla អាចនឹងរងការប្រកួតប្រជែងរឹតតែខ្លាំង៕