ញាក់សាច់! មិនទាន់ចេញលក់ទេ តែ Suzuki Jimny ទ្វារ ៥ ទទួលបានការកក់ទុកមុន ៣ មុឺនគ្រឿងបាត់ហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki ប្រចាំនៅប្រទេសឥណ្ឌា គឺក្រុមហ៊ុន Maruti Suzuki បានធ្វើការប្រកាសថា ខ្លួនទទួលបានការកក់ទុកមុនសម្រាប់រថយន្ត Suzuki Jimny ទ្វារ ៥ បានដល់ទៅ ៣០ ០០០ គ្រឿងឯណ្ណោះនៅក្នុងទីផ្សាររបស់ខ្លួន ។

សម្រាប់រថយន្ត Suzuki Jimny ទា្វរ ៥ របស់ប្រទេសឥណ្ឌា ត្រូវបានផ្តល់ជូនជា ២ ប្រភេទរួមមាន Zeta និង Alpha ដោយមានការរចនាស្រដៀងគ្នាទៅនឹងម៉ូដែលទ្វារ ៣  ។ ក្នុងនោះ ចំពោះលក្ខណៈពិសេសស្តង់ដារនៃម៉ូដែលទាំងពីរមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ ប៉ុន្តែយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រថយន្តនេះ មានបំពាក់ចង្កៀងមុខ LED មុខងារបើក-បិទដោយស្វ័យប្រវត្តិ អេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៉ីញ ភ្ជាប់ជាមួយនឹងប្រព័ន្ធ SmartPlay Pro+ របស់ Suzuki និងឧបករណ៍បំពងសំឡេងម៉ាក Arkamys ។ លើសពីនេះ ក៏ទទួលបានពោងសុវត្ថិភាពចំនួន ៦ ចំនុច, ប្រព័ន្ធកំណត់ល្បឿន, ប្រព័ន្ធជំនួយពេលឡើង-ចុះចំណោត និង កាមេរ៉ាមើលមួយជុំរថយន្ត ៣៦០ ដឺក្រេជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ សម្រាប់ម៉ូដែល Jimny ទា្វរ ៥ នៅក្នុងប្រទេសឥណ្ឌា ដំណើរការដោយម៉ាស៊ីនដូចគ្នាទាំងអស់ ពោលគឺម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១០៣ សេស និងកម្លាំងរមួល ១៣៤ ញ៉ូតុនម៉ែត្រ ដោយអាចភ្ជាប់ជាមួយ​ប្រអប់លេខ​ដោយដៃ​ ៥ វគ្គ ឬ​ស្វ័យប្រវត្តិ​ ៤ វគ្គ ។

គួរបញ្ជាក់ផងដែរថា រថយន្តនេះ នឹងធ្វើការចេញលក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២៣ ។ សម្រាប់ព័ត៌មានលម្អិតអំពីតម្លៃលក់របស់រថយន្ត Suzuki Jimny ទ្វារ ៥ នៅក្នុងប្រទេសឥណ្ឌាមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថានឹងមានតម្លៃចន្លោះពី  ១២ ០៧៣ ដុល្លារ ដល់ ១៤ ៤៨៧ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម