Changan CS55 Plus ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មី តម្លៃតែជាង ១ មុឺនដុល្លារ បង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Changan CS55 Plus ជំនាន់ទី ៣ ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover ទទួលបានការឌីស្សាញថ្មីមួយចំនួន មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១៣ ៧០០ ដុល្លារ ដល់ ១៥ ៧០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៥៣៩ ម.ម ទទឹង ១ ៨៦៥ ម.ម កំពស់ ១ ៦៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៥៦ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ដោយនៅផ្នែកខាងមុខមានការឌីស្សាញថ្មីទំហំធំជាងមុន ចង្កៀងមុខ LED មានមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងបំពាក់ថាសក់ងប្រភេទ alloy wheel និងផ្នែកខាងក្រោយបំពាក់ចង្កៀងប្រភេទ LED ចំនួន ១២៨ គ្រាប់, កាង spoiler ជាប់ដំបូលលយមកក្រៅ និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានទំហំ ១០ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ខណៈកៅអី និងដៃចង្កូតស្រោបដោយស្បែកប្រភេទ microfiber ។ លើសពីនេះ ក៏មានមកជាមួយ ដំបូលកញ្ចក់ panoramic sunroof, កន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរកម្រិតខ្ពស់ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ Turbo អាចផលិតកម្លាំងបាន ១៨៥ សេះ និងកម្លាំងរមួល ៣០០ ញ៉ុតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ប្រភេទបើកបរប៉ុង ១ ជាមួយរបៀបបើកបរចំនួន ៣ គឺ Eco, Normal និង Sport និងមានកម្រិតស៊ីប្រេងចន្លោះ ៦ លីត្រ ទៅ ៧ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម