ឡានអគ្គិសនីសុទ្ធដែលមានកម្រិតចាញ់ខ្យល់ទាបបំផុតលើលោករបស់ Geely បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Geely Galaxy E8 ប្រភេទ sedan ប្រើអគ្គិសនីសុទ្ធ ដែលជាគូរប្រជែងរបស់ BYD Han EV គ្រោងនឹងចេញលក់ជាផ្លូវនៅថ្ងៃទី ១៧ ខែវិឆ្ឆិកា ឆ្នាំ ២០២៣ នៅឯពិពរណ៌រថយន្ត Guangzhou Auto Show ប្រទេសចិន ។

រថយន្តប្រភេទ sedan នេះ ផលិតឡើងនៅលើគ្រោងឆ្អឹង SEA platform មានប្រវែងតួខ្លួនសរុប ៥ ០១០ ម.ម ទទឹង ១ ៩២០ ម.ម កំពស់ ១ ៤៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៥ ម.ម ។ សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រ ដោយនៅផ្នែកខាងមុខមានចង្កៀង LED រាងស្លីប ព្រមទាំងបំពាក់ថាសកង់ស្ព័រ ដៃទ្វារប្រភេទ flash-door និងចង្កៀងក្រោយរាងជាអក្សរ C ។ លើសពីនេះ រថយន្តមានប្រព័ន្ធជ្រែកខ្យល់ aerodynamic យ៉ាងល្អ ដោយមានកម្រិតចាញ់ខ្យល់ត្រឹមតែ ០,១៩៩ ប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតសន្ទឹងពេញផ្ទៃតាប្លូទំហំដល់ទៅ ៤២ អ៉ីញ ជាមួយកម្រិត 8K គាំទ្រដោយឈីប built-in Qualcomm Snapdragon 8295 កន្លែងសាកថ្មឥតប្រើខ្សែ ភ្លើងលម្អ និងដំបូលកញ្ចក់ panoramic sunroof ។

Galaxy E8 ត្រូវបានភ្ជាប់មកជាមួយស្ថាបត្យកម្ម 400V architecture ចំនួន ២ ជម្រើសរួមមាន

បំពាក់ដោយម៉ូទ័រចំនួន ១ មានកម្លាំង ២៧២ សេះ ផ្គួបជាមួយអាគុយទំហំ ៦២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងអាគុយទំហំ ៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ៦៦៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ លើសពីនេះ ក៏មានម៉ូដែលផ្អែកលើ 800-volt បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤២១ សេះ ផ្គួបជាមួយអាគុយទំហំ ៧៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម