[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ជំនាន់ទី ៩ មុខមាត់ថ្មី មាន ៤ ម៉ូដែលរួមមាន LE, SE, XLE និង XSE ដោយបានដកម៉ាស៊ីន V6 ចេញ គ្រោងនឹងចេញលក់នៅក្នុងឆ្នាំ ២០២៤ ។
សម្រាប់ Toyota Camry ជំនាន់ថ្មី ផលិតឡើងនៅលើគ្រោងឆ្អឹង TNGA-K platform ផ្តល់ជូនតែជម្រើសម៉ាស៊ីនកូនកាត់ Hybrid ប៉ុណ្ណោះ ពោលគឺម៉ាស៊ីន hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២២៥ ប្រភេទប៉ុង ១ ខណៈប្រភេទប៉ុង ២ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ២៣២ សេះ ផ្គួបជាមួយអាគុយប្រភេទលីដ្យូម និងភ្ជាប់ដោយប្រអប់លេខអូតូ eCVT ទាំងអស់ ។ មិនត្រឹមតែប៉ុណ្ណោះ ប្រព័ន្ធជើងក្រោមក៏ត្រូវបានធ្វើឲ្យប្រសើរឡើងវិញផងដែរ ។
ទាក់ទងទៅនឹងផ្នែកខាងក្រៅរបស់រថយន្ត Sedan នេះ ទទួលបានជម្រើសពណ៌តួខ្លួនថ្មី និងមានរូបរាងស្រដៀងទៅនឹងម៉ូដែលជំនាន់ទី ៨ ដែលមានក្រឡាខាងមុខធំ និងចង្កៀងមុខ-ក្រោយ LED ជាស្តង់ដារ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩ អ៉ីញជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំចាប់ពី ៨អ៉ីញ ដល់ ១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ព្រមទាំងកន្លែងសាកថ្មឥតប្រើខ្សែ អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០ អ៉ីញ និងឧបករណ៍បំពងសំលេងម៉ាក JBL ចំនួន ១០ទីតាំង ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 នៅលើគ្រប់ម៉ូដែលទាំងអស់ផងដែរ ៕