[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តក្រុងដ៏ប្រណិត Hongqi Gouyue ជាម៉ូដែលផលិតក្នុងចំនួនមានកំណត់សម្រាប់តែភ្នាក់ងាររដ្ឋាភិបាល ឬសម្រាប់សណ្ឋាគារប្រណិតលំដាប់ខ្ពស់ ប្រសិនបើមានការបញ្ជាទិញរំពឹងថាមានតម្លៃលក់ចាប់ពី ៦០០ ០០០ ដុល្លារ ដល់ ៦៨០ ០០០ ដុល្លារនៅប្រទេសចិន ។
Hongqi Gouyue មានប្រវែងតួខ្លួនសរុប ៧ ២៩៥ ម.ម ទទឹង ២ ០៩០ ម.ម កំពស់ ២ ៧៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ៩៩០ ម.ម នឹងមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសដោយ សម្រាប់ម៉ូដែលអាជីវកម្មមានមកជាមួយ ២០-២៣កៅអី ខណៈម៉ូដែល Luxury មានកៅអី ១៧ ដល់ ១៩ កៅអីនិងម៉ូដែលទំនើបបំផុតមានត្រឹមតែ ១៧កៅអីប៉ុណ្ណោះ។
សម្រាប់រថយន្តក្រុងនេះ មានទំហំតូចជាងរថយន្តក្រុងទូទៅ ដោយនៅផ្នែកខាងមុខបានបំពាក់ជាមួយប៉ាណាមួយផ្ទាំងធំដែលជាអត្តសញ្ញាណរបស់ខ្លួន ចង្កៀងមុខ-ក្រោយជាប្រភេទ LED និងថាសកង់ស្រោបដោយក្រូម៉េជាដើម ។
ចំពោះនៅផ្នែកខាងក្នុង ត្រូវបានរចនាឡើងយ៉ាងប្រណិតជា បានបំពាក់ដោយអេក្រង់កម្សាន្តជាមួយនឹងកន្លែងសាកថ្មឥតប្រើខ្សែ ដោយមានតុ និងកន្លែងដាកដបទឹកនៅខាងក្រោយកៅអីអ្នកបើកបរ ព្រមទាំងមានទូទឹកកកតូចនៅខាងក្រោយកៅអីអ្នកដំណើរផងដែរ។ លើសពីនេះ សម្រាប់កៅអីទាំងអស់ត្រូវបានបំពាក់ជាមួយពូកស្បែកគុណភាពខ្ពស់ ព្រមទាំងដំបូលកញ្ចក់បែប Panoramic sunroof ទៀតផង ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តក្រុងនេះ ដំណើរការដោយម៉ាស៊ីនចំណុះ ៣,០ លីត្រ V6 Turbocharged អាចផលិតកម្លាំងបាន ២៩២ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ និងមាន Top-speed ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕