[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បញ្ចេញនៅតម្លៃលក់ជាផ្លូវការនៅរថយន្ត Kia Sorento ស៊េរីឆ្នាំ ២០២៤ ដែលទទួលបានការឌីស្សាញឡើងវិញ ជាមួយតម្លៃចាប់ផ្តើមថ្លៃជាងឆ្នាំ ២០២៣ ចាប់ពី ១ ០៦០ ដុល្លារ ដល់ ៣ ៤០០ ដុល្លារ ពោលគឺមានតម្លៃលក់ ៣៣ ៣៦៥ ដុល្លារ ដល់ ៤៨ ៧៦៥ ដុល្លារ នៅទីផ្សារបរទេស ។
សម្រាប់រថយន្ត Kia Sorento ស៊េរីឆ្នាំ ២០២៤ មុខមាត់ថ្មីនេះ ភ្ជាប់មកជាមួយនៅមុខងារថ្មីៗជាច្រើន រួមទាំងការរចនាផ្នែកខាងក្រៅដែលបានកែប្រែដូចជា ប៉ាណាមុខថ្មីពណ៌ខ្មៅរលោក កាងការពារមុខបែប Unique ព្រមទាំងថាសកង់ស្ព័រទំហំ ១៧អ៉ីញ ស្រោបដោយសំបកកង់ប្រភេទ Off-Road ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ។
ចំពោះនៅផ្នែកខាងក្នុង បានបំពាក់ជាមួយនឹងកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ជាប្រភេទអេក្រង់ភ្លោះទំហំ ១២,៣អ៉ីញ កាម៉េរាមើលក្រោយប្រភេទជីឌីថល ក៏ដូចជាមុខងារសោរ Digital Key 2.0 ដែលអាចបញ្ជា Lock-unlock តាមរយៈទូរស័ព្ទ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយ ២ជម្រើសរួមមាន៖
- បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩១ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ មានទាំងជម្រើសប៉ុង ១ និងប៉ុង ២
- បំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ជំនួយដោយ Turbocharged អាចផលិតកម្លាំងបាន ២៨១ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខប្រភេទ dual-clutch ៨វគ្គ មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ៕