[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមានឈ្មោះថា Seres បាននាំយករថយន្តអគ្គិសនីសុទ្ធរបស់ខ្លួនគឺម៉ូដែល Seres 3 ជាមួយតម្លៃទាបជាងរថយន្ត BYD Dolphin, MG ZS រួមទាំងរថយន្តអគ្គិសនីផ្សេងទៀតមកពីតំបន់អឺរ៉ុប នៅក្នុងទីផ្សារចក្រភពអង់គ្លេស ដែលមានតម្លៃលក់ ៣៧ ៨០៦ ដុល្លារ ។
រថយន្តប្រភេទ Crossover នេះ បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៦១ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥៤គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៥០៧ គីឡូម៉ែត្រ ដែលគាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបានពី ២០-៨០% ប្រើរយៈពេល ៣០នាទី ។
រថយន្តនេះ ភ្ជាប់មកជាមួយនឹងកាមេរ៉ាមើលក្រោយ សេនស័រជំនួយចូលចំណត កៅអីស្រោបដោយស្បែក អេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៊ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ ក៏ដូចជាដំបូលកញ្ចក់ panoramic sunroof ។ លើសពីនេះ ក៏បានបំពាក់ចង្កៀងមុខ-ក្រោយ LED និងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ អ៉ីញផងដែរ ។
ចំពោះផ្នែកប្រព័ន្ធសុវត្ថិភាពវិញ រថយន្តនេះ ទទួលបានប្រព័ន្ធជំនួយ និងផ្តល់សញ្ញាព្រមាននៅពេលរថយន្តចាកគន្លង ប្រព័ន្ធជំនួយទប់លំនឹង ប្រព័ន្ធកំណត់ល្បឿន ប្រព័ន្ធពោងសុវត្ថិភាព ៦ចំនុច និងមួយចំនួនផ្សេងទៀត ៕