[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Toyota Camry ស៊េរីឆ្នាំ ២០២៥ ដែលទទួលបានការអាប់ឌេតថ្មីបន្ថែម ប្រភេទកូនកាត់ hybrid មានតម្លៃលក់ចាប់ផ្តើមទាបជាងមុន ៤៥៥ ដុល្លារ ពោលគឺតម្លៃចាប់ពី ២៨ ៤០០ ដុល្លារ ដល់ ៣៤ ២៩៥ ដុល្លារ ។
គ្រប់ម៉ូដែលទាំងអស់របស់ Toyota Camry ស៊េរីឆ្នាំ ២០២៥ ដំណើរការដោយម៉ាស៊ីនកូនកាត់ hybrid ជាស្តង់ដារ ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ២៣២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ផ្គួបជាមួយអាគុយប្រភេទលូចូម មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ដោយកម្រិតស៊ីប្រេងខ្ទង់ ៤លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
រថយន្តនេះ ត្រូវបានភ្ជាប់មកជាស្តង់ដាររួមមាន ចង្កៀងមុខប្រភេទ Bi-LED ថាសកង់ស្ព័រទំហំ ១៦ អ៉ីញ ដល់ ១៨ អ៉ីញ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto កន្លែងសាកថ្មឥតប្រើខ្សែ ។ លើសពីនេះ ក៏បំពាក់មកដោយកញ្ចប់សុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះ Toyota ក៏ផ្តល់ជូននៅកញ្ចប់ Premium Plus Package ដែលរួមបញ្ចូលនៅឧបករណ៍បំពងសំឡេងម៉ាក JBL ៩ចំនុច អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១០អ៉ីញ កៅអីស្បែកមុខងារខ្យល់-កំដៅ និងមួយចំនួនច្រើនទៀត៕