ម៉ូដែលថ្មីរបស់ Mazda ប្រើអគ្គិសនីសុទ្ធ បង្ហាញខ្លួនជាផ្លូវការនៅប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda ប្រចាំនៅទីផ្សារប្រទេសចិន បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mazda EZ-6 ស៊េរីឆ្នាំ ២០២៤ ប្រភេទអគ្គិសនីសុទ្ធ នៅឯពិព័រណ៍រថយន្ត Beijing Auto Show 2024 ដែលកំពុងធ្វើឡើងនៅប្រទេសចិន ។

Mazda EZ-6 ស៊េរីឆ្នាំ ២០២៤ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងក្រោយ អាចផលិតកម្លាំងបាន ២៥៥ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ ២ ជម្រើសរួមមាន អាគុយទំហំ ៥៨,៩ គីឡូវ៉ាត់ម៉ោង និងទំហំ ៦៦,៨ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥៩៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង EPA1 architecture របស់ក្រុមហ៊ុន Changan ភ្ជាប់មកជាមួយរូបរាងការឌីស្សាញនៅផ្នែកខាងក្រៅឲ្យឈ្មោះថា Soul of Motion ដោយចង្កៀងមុខប្រភេទ LED រាងស្លីម ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ រន្ធម៉ាស៊ីនត្រជាក់រាងស្លីម រួមទាំងភ្លើងលម្អផងដែរ ។ លើសពីនេះ Mazda និយាយថា EZ-6 នឹងចាប់ផ្តើមជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាព រួមទាំងប្រព័ន្ធកាត់បន្ថយគ្រោះថ្នាក់ និងប្រព័ន្ធចូលចតដ៏ឆ្លាតវៃដែលអនុញ្ញាតឲ្យរថយន្តដំណើរការដោយសំឡេង ទោះបីជាអ្នកបើកបរនៅខាងក្រៅក៏ដោយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម