កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានបញ្ចេញរថយន្តស្ព័រម៉ូដែល GT-R ឆ្នាំ ២០២០ ជាផ្លូវការ ចំនួន ៤ ប្រភេទ គឺ GT-R Premium, GT-R 50th Anniversary Edition, GT-R Track Edition និង GT-R NISMO ។
រថយន្ត Nissan GT-R ឆ្នាំ ២០២០ នឹងចេញលក់ជាផ្លូវការក្នុងសហរដ្ឋអាមេរិក នៅថ្ងៃទី ២៥ កក្កដា ២០១៩ នេះ ជាមួយតម្លៃចាប់ពី ១១៣ ៥៤០ ដុល្លារ ចំពោះប្រភេទ Premium ឯប្រភេទ 50th Anniversary Edition តម្លៃ ១២២ ០៤០ ដុល្លារ ដោយបំពាក់លក្ខណៈពិសេសៗ ដូចជា បំពង់ស៊ីម៉ាំងទីតានីម, យ៉ាន់ទំហំ ២០ អ៊ីង, មុខងារ Active Noise Cancellation និង មុខងារ Active Sound Enhancement ជាដើម ។
Nissan GT-R ប្រភេទ Premium និង 50th Anniversary Edition ប្រើម៉ាស៊ីនសាំងចំណុះ ៣,៨ លីត្រ ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៥៦៥ សេះ ។
ចំណែកឯ រថយន្ត GT-R ប្រភេទ Track Edition វិញ នឹងចេញលក់នៅថ្ងៃទី ២៥ សីហា ២០១៩ ជាមួយនឹងតម្លៃចាប់ពី ១៤៥ ៥៤០ ដុល្លារ ។ វាបំពាក់យ៉ាន់ប្រភេទ Nismo ទំហំ ២០ អ៊ីង , កន្ទុយត្រី Carbon fiber , ហ្វ្រាំងកាបូនសេរ៉ាមិច និង កៅអីស្បែកស្ព័រ Recaro ពណ៌ក្រហមលាយខ្មៅ ជាដើម ។
ចុងក្រោយបង្អស់ គឺ GT-R ប្រភេទ Nismo នឹងចេញលក់នៅថ្ងៃទី ១២ កក្កដា ២០១៩ ជាមួយនឹងតម្លៃចាប់ពី ២១០ ៧៤០ ដុល្លារ ។ GT-R Track Edition និង Nismo ប្រើម៉ាស៊ីនដូចគ្នា គឺ ចំណុះ ៣,៨ លីត្រ ទំហំ ៦ ស៊ីឡាំង តែមានកម្លាំងដល់ ៦០០ សេះឯណោះ ៕