[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Dongfeng-Honda គ្រោងនឹងធ្វើការដាក់ចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Honda e:NS2 ស៊េរីថ្មីចុងក្រោយ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ នៅទីផ្សារប្រទេសចិនជាមួយតម្លៃលក់ចាប់ពី ២២ ០៥៨ ដុល្លារ ដល់ ២៤ ៨១៩ ដុល្លារ ។
Honda e:NS2 ផលិតឡើងនៅលើគ្រោងឆ្អឹង e:N Architecture F ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០១ សេះ និងអាគុយទំហំ ៦៨,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ ត្រូវបានឌីស្សាញឡើងក្រោមគំនិតនៃការរចនា E:N Design ដែលជាការរចនាបែបអនាគត និងបានបំពាក់ជាមួយប៉ាណាមុខបិទជិតអបជាមួយចង្កៀងមុខរាងស្លីម LED ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែខាងក្នុង បំពាក់ជាមួយអេក្រង់កំសាន្តជាកណ្តាលបញ្ឈរទំហំ ១៥,២ អ៉ីញ និងប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Honda SENSING 360 និងប្រព័ន្ធភ្ជាប់នប្រតិបត្តិការ Honda CONNECT 3.0 ជាមួយនឹងជំនួយការសំឡេង AI ការអាប់ដេត OTA តាមអ៊ីនធឺណិត និងមុខងារផ្សេងៗទៀត ៕