[បរទេស] បន្ទាប់ពីចាយរយៈពេលជិតពីរឆ្នាំ ទីបំផុតក្រុមហ៊ុនផលិតរថយន្ត Volvo បានសម្រេចឲរថយន្ត Volvo EX90 សេរ៊ីឆ្នាំ២០២៤ ចូលក្នុងសង្វាក់ផលិតកម្មរបស់ខ្លួនហើយដោយចាប់ផ្តើមធ្វើការដំឡើងនៅរោងចក្រ Charleston ក្នុងរដ្ឋ South Carolina សហរដ្ធអាមេរិក ហើយគ្រោងបង្ហាញជាផ្លូវការនៅចុងឆ្នាំនេះ។
រថយន្តសេរ៊ីថ្មីនេះមាន ៨ជម្រើសដូចជា៖
- ជម្រើស Twin Motor Plus ប្រភេទ ៦កៅអី មានតម្លៃ ៧៧,៩៩០ដុល្លារ
- ជម្រើស Twin Motor Plus ប្រភេទ ៧កៅអី មានតម្លៃ ៧៨,៤៩០ដុល្លារ
- ជម្រើស Twin Motor Ultra ប្រភេទ ៦កៅអី មានតម្លៃ ៨២,៣៤០ដុល្លារ
- ជម្រើស Twin Motor Ultra ប្រភេទ ៧កៅអី មានតម្លៃ ៨២,៨៤០ដុល្លារ
- ជម្រើស Twin Motor Performance Plus ប្រភេទ ៦កៅអី មានតម្លៃ ៨២,៩៩០ដុល្លារ
- ជម្រើស Twin Motor Performance Plus ប្រភេទ ៧កៅអី មានតម្លៃ ៨៣,៤៩០ដុល្លារ
- ជម្រើស Twin Motor Performance Ultra ប្រភេទ ៦កៅអី មានតម្លៃ ៨៧,៣៤០ដុល្លារ
- ជម្រើស Twin Motor Performance Ultra ប្រភេទ ៧កៅអី មានតម្លៃ ៨៧,៨៤០ដុល្លារ ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះមាន២ជម្រើសរួមមាន៖
- Twin Motorៈ ប្រភេទម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៤០២សេះ និងកម្លាំងរមួល ៤៣៩ញ៉ូតុនម៉ែត្រ។
- Twin Motor Performanceៈ ប្រភេទម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៤៩៦សេះ សម្រាប់ទីផ្សារអាមេរិក និង ៥១០សេះ សម្រាប់ទីផ្សារអឺរ៉ុប និងកម្លាំងរមួល ៩១០ញ៉ូតុនម៉ែត្រ អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉ែត្រក្នុងរយះពេល ៤,៧ វិនាទី ប៉ុណ្ណោះ។
ចំពោះម៉ាសុីនរបស់រថយន្តនេះនឹងដំណើរការដោយអាគុយទំហំ ១១១គីឡូវ៉ាត់ម៉ោង ព្រមទាំងប្រើប្រាស់ប៉ុងពីរ All-wheel drive ជាស្តង់ដារ ដែលអាចបើកបរបានចម្ងាយសរុបចំនួន ៦០០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៥ អ៊ីញ អាចភ្ជាប់មុខងារប្រព័ន្ធប្រតិបត្តការ របស់ Google ដូចជា Google Maps navigation, Google Play Store apps និង wireless Apple CarPlay ព្រមទាំងប្រើប្រាស់ឧបករណ៏បច្ចេកវិទ្យាជាច្រើនដូចជា កាម៉េរ៉ា៣៦០ ដឺក្រេ, រ៉ាដា ៥គ្រាប់ និង ultrasonic sensors ១៦គ្រាប់ផងដែរ។ ខណៈសម្រាប់ការរចនាផ្នែកខាងក្រៅរបស់រថយន្តអគ្គិសនីសុទ្ធនេះខាងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។