Tesla បាននិងកំពុងចាប់ផ្តើមដឹករថយន្តអគ្គិសនីថ្មី Model Y ឲ្យអតិថិជនមុនការកំណត់។ Model Y ត្រូវបានគេរំពឹងថា នឹងក្លាយជារថយន្តលក់ដាច់បំផុតមួយរបស់ Tesla ដោយសារតែការរួមបញ្ចូលគ្នារវាង ភាពទូលាយ និងតម្លៃសមរម្យ។
រថយន្ត Tesla Model Y ប្រភេទប្រើម៉ូទ័រអគ្គិសនី២ និងប៉ុង២ (Long Range Dual Motor All-Wheel Drive) មានតម្លៃចាប់ពី ៥២ ៩៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី ហើយមានល្បឿនអតិបរមា ២១៧គីឡូម៉ែត្រក្នុងមួយម៉ោង និងមានចម្ងាយបើកបរ ៥០៩គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
អតិថិជនក៏អាចជ្រើសរើសយកប្រភេទ Performance ដែលមានតម្លៃចាប់ពី ៦០ ៩៩០ដុល្លារ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី ហើយមានល្បឿនអតិបរមា ២៣៣គីឡូម៉ែត្រក្នុងមួយម៉ោង និងមានចម្ងាយបើកបរ ៥០៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
ដោយឡែក Model Y ប្រភេទ Base Model មានតម្លៃចាប់ពី ៣៩ ០០០ដុល្លារប៉ុណ្ណោះ ហើយមានចម្ងាយបើកបរ ៣៧០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕