BMW បានក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងគេបង្អស់នៅលើពិភពលោក ដែលផ្តល់នូវមុខងារសាកថ្មរថយន្តដោយមិនចាំបាច់ប្រើខ្សែ (Wireless Charging) សម្រាប់រថយន្តប្រភេទ Plug-in Hybrid។
ផលិតកម្មសម្រាប់ជម្រើសរថយន្តសាកថ្មឥតខ្សែ របស់ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ គ្រោងនឹងចាប់ផ្តើមនៅខែកក្កដា សម្រាប់ម៉ូដែល BMW 530e iPerformance។ វានឹងត្រូវផ្តល់ជូនដំបូងនៅប្រទេសអាល្លឺម៉ង់ បន្ទាប់មកមានដូចជា ចក្រភពអង់គ្លេស , សហរដ្ឋអាមេរិក , ជប៉ុន និង ចិន។
ម្ចាស់រថយន្តប្រភេទ Plug-in Hybrid នេះ អាចសាកថ្មបានយ៉ាងងាយស្រួល ដោយគ្រាន់តែចូលចតរថយន្តរបស់ពួកគេ នៅលើបន្ទះក្តារសាកថ្ម GroundPad ដោយមិនចាំបាច់ប្រើខ្សែឡើយ ដែលវាអាចដំឡើងនៅក្នុងហ្គារ៉ាស ឬ ខាងក្រៅផ្ទះបាន។ បន្ទាប់មក វានឹងធ្វើការបញ្ជូនថាមពល រវាងបន្ទះក្តារសាកថ្ម GroundPad និង បន្ទះ CarPad ដែលជាប់នៅខាងក្រោមរថយន្ត ក្នុងរយៈចម្ងាយ ៨ សង់ទីម៉ែត្រ។
ក្រុមហ៊ុន BMW បាននិយាយថា ប្រព័ន្ធ Wireless Charging របស់ខ្លួនមានថាមពលសាកថ្ម ៣,២ គីឡូវ៉ាត់ ដែលអនុញ្ញាតឲ្យថ្មរបស់ BMW 530e iPerformance សាកពេញក្នុងរយៈពេលប្រហែល ៣ ម៉ោងកន្លះ។
ជាមួយគ្នានេះផងដែរ ដើម្បីជួយឲ្យអ្នកបើកបរចតលើបន្ទះបានត្រឹមត្រូវ រថយន្ត និងឧបករណ៍សាកថ្មខាងលើ ប្រើការតភ្ជាប់ប្រព័ន្ធ WiFi ដើម្បីទាក់ទងគ្នាទៅវិញទៅមក។ ទិដ្ឋភាពទាំងប៉ុន្មានត្រូវបានបង្ហាញ នៅលើអេក្រង់ Control Display ក្នុងរថយន្ត ជាមួយនឹងបន្ទាត់ពណ៌ដើម្បីជួយណែនាំការចតផងដែរ។
ក្រុមហ៊ុន BMW បានបញ្ជាក់ថា ការបើកបរលើបន្ទះក្តារសាកថ្ម GroundPad នឹងមិនធ្វើឲ្យវាខូចឡើយ ហើយថែមទាំងអាចប្រើបាននៅក្រៅផ្ទះទៀតផង៕