[ទីផ្សារចិន] ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Wuling បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្តសេរ៊ីថ្មី Wuling Starlight S ជាប្រភេទរថយន្ត SUV ខ្នាតកណ្តាល ជាមួយតម្លៃលក់លើទីផ្សារចាប់ពី ១៤ ១០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
Wuling Starlight S ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Tianyu D platform មានប្រវែងតួខ្លួនសរុប ៤ ៧៤៥ ម.ម ទទឹង ១ ៨៩០ ម.ម កម្ពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយ៖
- ម៉ាសុីនកូនកាត់ Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ២២៨ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយទំហំ ៩ និង ២០ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយពី ៦០ ទៅ ១៣០ គីឡូម៉ែត្រ អត់ចាក់សុាំង និងបើកបរសរុបបានចម្ងាយ ១ ១០០ គីឡូម៉ែត្រ។
- ម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៥០ គីឡូវ៉ាត់ ផ្គួបជាមួយអាគុយចំនួន១ អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង គាំទ្រដោយឆ្នាំងសាកថ្មល្បឿន សាក ១៥ នាទី ជិះបាន ២០០ គីឡូម៉ែត្រ។
សម្រាប់ការរចនាផ្នែកខាងក្រៅ មានការរចនាជាមួយប៉ាណាបិទជិតដោយបានភ្ជាប់មកជាមួយចង្កៀងមុខ-ក្រោយជាប្រភេទ LED ដ៏ស្លីម ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ និិងជម្រើសពណ៌តួខ្លួនចំនួន ៥ រួមមាន Coconut Brown, Dark Black និង Light Sand។
ចំពោះផ្នែកខាងក្នុង ទទួលបានអេក្រង់ touchscreen ទំហំ ១៥,៦ អ៊ីញ និងអេក្រង់ឌីជីថលទំហំ ៨,៨ អ៊ីញ ដំបូល panoramic sunroof និងប្រព័ន្ធសុវត្ថិភាពនិងប្រព័ន្ធជំនួយការបើកបរជាច្រើនទៀតរួមមាន ហ្វ្រាំងអូតូ ប្រព័ន្ធជំនួយរក្សាគន្លង ពោងសុវត្ថិភាព ៦ ចំនុច និងឧបករណ៏ចាប់សញ្ញាជាដើម៕