Bentley គឺដូចជាក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបដទៃទៀតដែរ ដែលត្រូវបង្ខំចិត្តបិទរោងចក្រផលិតរថយន្តដោយសារការផ្ទុះនូវជំងឺកូវីដ១៩។ ខណៈពេលបិទនេះច្បាស់ណាស់ថានឹងធ្វើឲ្យប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុ និងការពន្យារពេលនៃការចេញ Flying Spur ស៊េរីថ្មី ហើយវាក៏អូសបន្លាយពេលនៃការបញ្ចប់ការផលិតរថយន្ត Bentley Mulsanne ផងដែរ។
គួរដឹងថាក្រោយពីបានបញ្ចេញម៉ូដែលពិសេសមួយឈ្មោះ Mulsanne 6.75 Edition រួចមក Bentley បានប្រកាសអំពីការបញ្ឈប់ការផលិតរថយន្ត Sedan ប្រណីតនេះ ដោយជំនួសវាដោយរថយន្ត Flying Spur វិញ។
ការផលិតរថយន្ត Mulsanne បានកំណត់ថានឹងចប់ត្រឹមខែមេសា ឆ្នាំ ២០២០ ប៉ុន្តែដោយសារការបិទរោងចក្រ ធ្វើឲ្យកាលបរិច្ឆេទនៃការបញ្ចប់ត្រូវលើកទៅពេលក្រោយដែលមិនទាន់ច្បាស់លាស់នៅឡើយ។ រថយន្ត Mulsanne ម៉ូដែលចុងក្រោយគេបង្អស់ នឹងផលិតឡើងដោយដៃ នៅពេលដែលបុគ្គលិក Bentley វិលចូលធ្វើការនៅរោងចក្រ Crewe វិញ៕