យោងតាមរបាយការណ៍ថ្មីៗនេះ បាននិយាយថា ក្រុមហ៊៊ុនផលិតរថយន្តអគ្គិសនី Tesla អាចនឹងបើកការបញ្ជាទិញរថយន្ត SUV អគ្គិសនី Tesla Model Y ស៊េរីឆ្នាំ២០២៥ ជម្រើស ៧កៅអី ឫកៅអី ៣ជួរ របស់ខ្លួន នៅក្នុងទីផ្សារតំបន់អឺរ៉ុប ចិន និងអូស្ត្រាលី នៅក្នុងខែតុលាខាងមុខនេះ។
គួរឲដឹងថា ក្រុមហ៊ុន Tesla ក៏គ្រោងនឹងផលិត Tesla Model Y ផងដែរសម្រាប់ទីផ្សារប្រទេសចិន ប៉ុន្តែជាជម្រើស ៦កៅអី វិញ ដោយសារជម្រើស ៧កៅអី មិនពេញនិយមឡើយនៅក្នុងទីផ្សារចិន។
ចំពោះរថយន្តនេះ នឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ AWD ផ្គួបជាមួយអាគុយទំហំ ៨២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣៣ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងរយៈត្រឹមតែ ៥វិនាទី ប៉ុណ្ណោះ។ សម្រាប់ជម្រើស ៧កៅអីថ្មីនេះ នឹងមានទម្ងន់ធ្ងន់ជាងជម្រើស ៥កៅអី ចំនួន ៤៥ គីឡូក្រាម។
គួរបញ្ជក់ផងថា ការអាប់ដេតសំខាន់របស់រថយន្តអគ្គិសនី Tesla Model Y នឹងត្រូវដាក់បង្ហាញចេញនៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ដែលមានឈ្មោះថា Juniper រួមជាមួយការរចនាផ្នែកខាងក្រៅ និងផ្នែកខាងក្នុងថ្មី៕