BMW ត្រៀម 7-Series ប្រើអគ្គិសនីសុទ្ធ បីប្រភេទផ្សេងគ្នា

ក្រោយ​ពី​ BMW បាន​បញ្ជាក់​អំពី​ការ​បន្ថែម​ប្រភេទ​អគ្គិសនី​សុទ្ធ​​លើ​រថយន្ត 7-Series ជំនាន់​បន្ទាប់​រួច​មក ចចាមអារ៉ាម​និង​ការ​ចុះ​ផ្សាយ​អំពី​រថយន្ត​បាន​ចាប់​ផ្ដើម​លេច​ចេញ​ឡើង។

ការ​ចុះ​ផ្សាយ​ចុង​ក្រោយ​មួយ​ពី BMWBlog បាន​ឲ្យ​ដឹង​ថា​ 7-Series ដែល​ប្រើ​ថាមពល​អគ្គិសនី​សុទ្ធ​គឺ​មាន​មិន​តិច​ជាង ៣ ប្រភេទ​នោះ​ទេ។ ប្រភេទ​កប់​ជាង​គេ​គឺ​ជឿជាក់​ថា​ជា​ i7 M60 ដែល​​គេ​ជឿ​ថា​មក​ជំនួស​ប្រភេទ​ M760Li Xdrive​ ដែល​ប្រើ​ម៉ាស៊ីន ៦,៦ លីត្រ V12 កម្លាំង ៥៧៧ សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត 7-Series ប្រភេទ​អគ្គិសនី​ស៊េរី​កប់​ប្រហែល​ជា​អាច​បំពាក់​ម៉ូទ័រ​អគ្គិសនី​យ៉ាង​ហោច​ណាស់​ពីរ ដែល​អាច​បង្កើត​កម្លាំង​បាន​សរុប​ជាង ៦៥០ សេះ។ ជា​មួយ​អាគុយ​ដែល​លេច​ឮ​ថា​មាន​ចំណុះ​ជាង ១០០ គីឡូវ៉ាត់​ម៉ោង​ ពេល​សាក​ភ្លើង​ម្ដង​គឺ​អាច​ជិះ​ដល់​ចម្ងាយ​ជាង ៦៥០ គីឡូម៉ែត្រ។ ចំណែក​ពីរ​ប្រភេទ​ទៀត​អាច​មាន​ឈ្មោះ i7 40 និង i7 50 ដែល​មាន​កម្លាំង​ចន្លោះ​ ៣៥០ សេះ ទៅ ៤៥០ សេះ។

កាល​បរិច្ឆេទ​ប្រកាស​ចេញ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​ត្រូវ​រង់​ចាំ​ប្រហែល ១ ទៅ ២ ឆ្នាំ​ទៀត​ ទើប​បាន​ឃើញ​រថយន្ត BMW 7-Series ជំនាន់​ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម