បន្ទាប់ពីបែកធ្លាយរូបថតកាលពីសប្តាហ៍មុន ឥឡូវនេះក្រុមហ៊ុន Toyota បានបញ្ចេញរូបថត និងព័ត៌មានលម្អិតជាផ្លូវការ នៃរថយន្ត SUV ម៉ូដែល Harrier ជំនាន់ទី៤ ថ្មីសន្លាងរបស់ខ្លួន។
រថយន្តតួខ្ពស់ដែលនឹងចេញលក់នៅក្នុងប្រទេសជប៉ុន នាខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ នឹងប្រើគ្រោងឆ្អឹងថ្មី TNGA ដូចទៅនឹងរថយន្ត Toyota RAV4 ជំនាន់ចុងក្រោយបង្អស់ដែរ។ គួរឲ្យដឹងថា កាលពីជំនាន់មុនៗ រថយន្ត Toyota Harrier បានប្រើគ្រោងឆ្អឹងដូចទៅនឹងរថយន្ត Lexus RX។
យ៉ាងណាមិញ គ្រោងឆ្អឹងថ្មីនេះ នឹងជួយឲ្យរថយន្ត Harrier រឹងមាំជាងមុន ហើយថែមទាំងផ្តល់នូវផាសុខភាព និងដំណើរការបើកបរកាន់តែប្រសើរផងដែរ។
បន្ថែមពីនេះ SUV នេះនឹងបំពាក់ម៉ាស៊ីនចំនួន ២ជម្រើស គឺម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ប្រភេទ Dynamic Force Engine និងម៉ាស៊ីន Hybrid ចំណុះ ២,៥លីត្រ ប្រភេទ Toyota Hybrid System៕