ក្រុមហ៊ុន Lister Motor ដែលមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថាខ្លួនកំពុងផលិតរថយន្ត SUV មួយគ្រឿងដែលជា SUV ល្បឿនលឿនជាងគេក្នុងលោក ហើយពេលនេះក្រុមហ៊ុនបានបង្ហាញចេញវីដេអូ Teaser មួយបង្ហើបអំពីរថយន្តខ្លួន។
គួរដឹងថាកាលពី ២ ឆ្នាំមុន Lister ក៏ធ្លាប់បានបង្ហាញរថយន្ត SUV ដែលអះអាងថាជា SUV ល្បឿនលឿនជាងគេក្នុងលោកនាពេលនោះ ដែលជាម៉ូដែល Lister LFP ផលិតឡើងផ្អែកលើរថយន្ត Jaguar F-Pace។
រថយន្ត SUV ថ្មីនេះដែរមានឈ្មោះថា Lister Stealth ដែលនឹងបំពាក់ដោយម៉ាស៊ីន Supercharged ចំណុះ ៥,០ លីត្រ ៨ស៊ីឡាំង ដូចម៉ាស៊ីនលើរថយន្ត F-Pace SVR។ យ៉ាងណាក្ដីដោយឆ្លងកាត់ការកែសម្រួលលើប្រព័ន្ធម៉ាស៊ីន អាចឲ្យវាបង្កើតកម្លាំងបានមិនតិចជាង ៦៦៦ សេះនោះទេ។ កម្លាំងនេះអាចឲ្យ Lister Stealth រត់ពី ០-៩៦ គ.ម/ម៉ ក្នុងពេលត្រឹម ៣,៥ វិនាទី និងមានល្បឿនអតិបរមា ៣២០ គ.ម/ម៉ ដែលអាចឲ្យវាក្លាយជារថយន្ត SUV ល្បឿនលឿនជាងគេក្នុងលោកបាន។
តាមរយៈវីដេអូខ្លីបានបញ្ជាក់ឲ្យឃើញថារថយន្ត Lister Stealth គឺផលិតដោយផ្អែកលើរថយន្ត Jaguar F-Pace SVR៕