បើប្រៀបធៀបនឹងរថយន្តដទៃទៀតភាគច្រើន ល្បឿនអតិបរមា ៣៥០ គ.ម/ម៉ របស់ Bugatti Chiron Pur Sport អាចនិយាយបានថាលឿនខ្លាំង។ ប៉ុន្តែបើប្រៀបនឹង Chiron ធម្មតាដែលមានល្បឿនអតិបរមា ៤២០ គ.ម/ម៉ ឬ Chiron Super Sport 300+ ដែលមានល្បឿន ៤៩០ គ.ម/ម៉ ទើបឃើញថាល្បឿនរបស់ Chiron Pur Sport គឺយឺត។
ពេលជួបសម្ភាសន៍ជាមួយ Motor Trend ប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ Bugatti ឈ្មោះ Stafan Ellrott បានបកស្រាយថា Chiron Pur Sport គឺជាការបញ្ជាក់ថាល្បឿនកំពូលល្បឿន មិនមែនជាចំណុចសំខាន់ដាច់គេសម្រាប់ពពួក Hypercar នោះទេ។
Chiron Pur Sport ដែលមានផលិតត្រឹម ៦០គ្រឿង និងមួយគ្រឿងៗមានតម្លៃ ៣,៥៥ លានដុល្លារ គឺត្រូវបានឌីហ្សាញឡើងឲ្យក្លាយជារថយន្តដែលរហ័សរហួនបំផុត។ ត្បិតថាល្បឿនអតិបរមារបស់វាទាបជាង Chiron ដទៃទៀត ប៉ុន្តែវាមានសមត្ថភាពខ្លាំងក្នុងការបង្កើនសន្ទុះ អាចស្ទុះពី ០-៩៦ គ.ម/ម៉ ក្នុងពេលក្រោម ២,៣វិនាទី, ស្ទុះពី ០-២០០ គ.ម/ម៉ ក្នុងពេល ៥,៩វិនាទី និងស្ទុះពី ០-៣០០ គ.ម/ម៉ ប្រើពេលត្រឹម ១២,៤ វិនាទី ដែលស្ទុះលឿនជាង Chiron ធម្មតា។
កម្លាំងរបស់ Chiron Pur Sport នៅតែបានពីម៉ាស៊ីន Quad-Turbocharged ចំណុះ ៨,០លីត្រ ១៦ស៊ីឡាំង ផលិតកម្លាំងបាន ១៥០០ សេះ និងភ្ជាប់ជាមួយប្រព័ន្ធប្រអប់លេខ ៧វគ្គ កែសម្រួលថ្មី។ ប្រអប់លេខថ្មីអាចឲ្យ Chiron Pur Sport បង្កើនសន្ទុះបានលឿនជាង Chiron ធម្មតា៕